ក្នុងបរិបទនៃការអនុវត្តជាទូទៅ បណ្តឹងអាជ្ញា គឺជាបណ្តឹងព្រហ្មទណ្ឌត្រូវបានធ្វើឡើងប្រឆាំងនឹងបទល្មើសព្រហ្មទណ្ឌណាមួយ។ សូមកុំមានការភាន់ច្រឡំរវាងបណ្តឹងអាជ្ញា និង បណ្តឹងរដ្ឋប្បវេណី ព្រោះបណ្តឹងទាំងពីរនេះ គឺជាបណ្តឹងពីរផ្សេងគ្នា។
បណ្តឹងរដ្ឋប្បវេណី មានគោលបំណងអោយមានការជួសជុលការខូចខាតដែលបណ្តាលមកពីអំពើល្មើស ដល់ភាគីរងគ្រោះ ឬ សកម្មភាពក្នុងទំនាក់ទំនងរដ្ឋប្បវេណីរវាងបុគ្គល និង បុគ្គល បង្កអោយមានការខូចខាតដល់ជនរងគ្រោះ ដោយភាគីរងគ្រោះត្រូវទទួលបានសំណងជំងឺចិត្តធួនល្មមនឹងព្យសនកម្ម(ការខូចខាត)ដែលខ្លួនបានទទួលរង។ ការជួសជុលការខូចខាត អាចធ្វើឡើងតាមរយៈការបង់ជំងឺចិត្ត ដោយការសងទៅជនរងគ្រោះវិញនូវទ្រព្យសម្បត្តិដែលបានបាត់បង់ ឬ ដោយការធ្វើឲ្យដូចសភាពដើមវិញនូវទ្រព្យដែលជនល្មើសបានបំផ្លិចបំផ្លាញ ឬ ធ្វើឲ្យខូចខាត។
រីឯបណ្តឹងអាជ្ញាវិញ មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើស និង ផ្តន្ទាទោសជនល្មើសតាមច្បាប់កំណត់។ បណ្តឹងអាជ្ញាអនុវត្តទៅលើបុគ្គលគ្រប់រូប ទាំងរូបវន្តបុគ្គល ទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។
ឧទាហរណ៍ លោក សុខ បានយកដំបងវាយលោក សៅ បណ្តាលឲ្យលោក សៅ រងរបួសលើរាងកាយជាទម្ងន់។ ក្នុងករណីនេះ អាចមានកម្មវត្ថុនៃបណ្តឹងចំនួនពីររបស់លោក សៅ។ ទី១ លោកសៅ អាចធ្វើបណ្តឹងរដ្ឋប្បវេណីប្តឹងទាមទារសំណង (ថ្លៃព្យាបាលរបួស និង សំណងជំងឺចិត្តផ្សេងៗ)ពីលោក សុខ ។ ទី២ លោកសៅ អាចធ្វើបណ្តឹងព្រហ្មទណ្ឌ ប្តឹងលោក សុខ ទៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ ឬ អង្គការអយ្យការអំពីអំពើហិង្សាមានស្ថានទម្ងន់ទោសដោយប្រើដំបង ដែលលោក សុខបានវាយមកលើខ្លួន។ ក្នុងបណ្តឹងនេះ គឺថា បណ្តឹងរដ្ឋប្បវេណី ទាក់ទងរឿងសំណងរដ្ឋប្បវេណី និង បណ្តឹងព្រហ្មទណ្ឌ ទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ(បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស)។
តើបុគ្គលណាខ្លះ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ឬ បណ្តឹងព្រហ្មទណ្ឌ?
តាមគោលការណ៍ច្បាប់ បណ្តឹងអាជ្ញា ត្រូវអនុវត្តក្នុងនាមផលប្រយោជន៍ទូទៅដោយស្ថាប័ន អយ្យការ(អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង)។ និយាយជារួម ស្ថាប័នអយ្យការគឺជាម្ចាស់នៃបណ្តឹងអាជ្ញា ដែលស្ថាប័ននេះ អាចធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ និង ស្នើសុំឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និង យុត្តាធិការជំនុំជម្រះ។
ថ្វីត្បិតតែស្ថាប័នអយ្យការ គឺជាម្ចាស់នៃបណ្តឹងអាជ្ញាក៏ពិតមែន ប៉ុន្តែទាក់ទងទៅនឹងបទល្មើសព្រហ្មទណ្ឌ ច្បាប់បានអនុញ្ញាតឲ្យពលរដ្ឋមានការចូលរួមយ៉ាងទូលំទូលាយផងដែរ ក្នុងការធ្វើ បណ្តឹងព្រហ្មទណ្ឌនេះ ដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និង ធានាសណ្តាប់ធ្នាប់សាធារណៈ។ អ្នកដែលមានសិទ្ធិធ្វើបណ្តឹងព្រហ្មទណ្ឌ រួមមាន៖
១.ជនរងគ្រោះ អាចដាក់ពាក្យប្តឹងទាមទារ ឬ ពាក្យប្តឹងដោយមានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។
២.អ្នកតំណាងស្របច្បាប់ ឬ សិទ្ធិវ័ន្តរបស់ជនរងគ្រោះ កាលណាជនរងគ្រោះជាអនីតិជន ឬ ជានីតិជនស្ថិតនៅក្រោមរបបច្បាប់ការពារ ឬ ជនរងគ្រោះទទួលមរណភាព។
៣.អង្គការសមាគមដែលធ្វើសកម្មភាពប្រឆាំងនឹងអំពើហិង្សាខាងផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើកុមារ អំពើចាប់ពង្រត់ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ អំពើប្រកាន់ពូជសាសន៍ ឬ អំពើរើសអើង។ ប៉ុន្តែអង្គការ សមាគមនោះ ត្រូវតែបានចុះបញ្ជី និង ប្រកាសត្រឹមត្រូវយ៉ាងតិចបំផុត០៣ឆ្នាំ មុនកាលបរិច្ឆេទនៃបទល្មើស ព្រមទាំងមានការយល់ព្រមពីជនរងគ្រោះ ឬ តំណាងស្របច្បាប់ ឬ សិទ្ធិវ័ន្តនៃជនរងគ្រោះ។
៤.មន្ត្រីនគរបាលយុត្តិធម៌ ដែលបានដឹងអំពីបទល្មើសណាមួយ។
៥.មន្ត្រីរាជការ ឬ ភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចអោយ ឬ ក្នុងក្របខណ្ឌនៃការបំពេញមុខងាររបស់ខ្លួន បានឃើញ ដឹងអំពីបទល្មើសណាមួយ។
៦.ស្ថាប័នអយ្យការខ្លួនឯងដែលបានដឹងអំពីបទល្មើសផ្សេងៗ។
៧.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានដឹងអំពីបទល្មើស អាចធ្វើអធិបញ្ជាទៅស្ថាប័នអយ្យការ អោយធ្វើបណ្តឹងអាជ្ញាបាន។
៨.សាធារណជន អាចដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ តាមរយៈបណ្តឹងបរិហាររាយការណ៍អំពីបទល្មើសណាមួយដែលខ្លួនបានដឹង បានឃើញ។
អ្នកប្តឹងអាចដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌនេះដោយផ្ទាល់ ទៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ ឬ ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក៏បាន។
សូមកត់សម្គាល់ផងដែរថា ដោយសារតែស្ថាប័នអយ្យការ គឺជាម្ចាស់នៃបណ្តឹងអាជ្ញានេះហើយ ដូចនេះ បើទោះបីជាជនរងគ្រោះអាចលះបង់សិទ្ធិមិនធ្វើបណ្តឹងសុំទាមទារសំណង ឬ ដកពាក្យបណ្តឹងរបស់ខ្លួនក៏ដោយ ឬ ជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ ក៏សកម្មភាពនេះ មិនអាចបញ្ឈប់ ឬ ព្យួរការអនុវត្តនៃបណ្តឹងអាជ្ញាបានឡើយ លើកលែងតែករណីបទល្មើសតូចតាចមួយចំនួនតែប៉ុណ្ណោះដែលពាក់ព័ន្ធនឹងសិទ្ធិសេរីភាព ឬ ជីវិតឯកជនរបស់បុគ្គលម្នាក់ៗ ដែលស្ថាប័នអយ្យការក្នុងនាមអាជ្ញាធររដ្ឋមិនគួរគប្បីចូលអន្តរាគមន៍ឡើយ។ ឧទាហរណ៍ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ ឬ ជេរប្រមាថជាសាធារណៈ, បទល្មើសផិតក្បត់, បទល្មើសហិង្សាស្រាលក្នុងគ្រួសារ…។
(យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា លេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧)៕