ប្រធានាធិបតីប្រទេសមហាអំណាចសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានសរសេរលិខិតមកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ បញ្ជាក់អំពីការរង់ចាំការធ្វើការជាមួយកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២នេះ ដែលមានសម្តេចជាប្រធានអាស៊ាន។
ក្នុងលិខិតចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជាភាសាអង់គ្លេស និងបកប្រែក្រៅផ្លូវការជាភាសាខ្មែរ របស់លោក ចូ បៃឌិន ផ្ញើជូនសម្តេច ហ៊ុន សែន។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា “ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកនឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់”។
លិខិតដដែល បានបន្តថា សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក បានបន្ថែមថា តាមរយៈឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់លោកក្នុងការអញ្ជើញថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសជាមួយលោកនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅប៉ុន្មានខែខាងមុខនេះ។ ក្នុងន័យនេះលោកបានសរសេរលិខិតនេះ ក្នុងគោលបំណងដើម្បីចង់ទាក់ទងសម្តេចដោយផ្ទាល់ និងដើម្បីគូសបញ្ជាក់ពីជំហររបស់លោក ស្វាគមន៍សម្តេច មកកាន់អាមេរិកក្នុងឱកាសដ៏ឆាប់ខាងមុខនេះ៕