សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហាញជំហរច្បាស់ៗពីការប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះអាមេរិកក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក្នុងពេលខាងមុខនេះ។ សម្តេច បានគូសបញ្ជាក់ថា “ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន”។
ការលើកឡើងរបស់សម្តេច ហ៊ុន សែន នេះ គឺធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសរសេរលិខិតមកកាន់សម្តេចអំពីបំណងរបស់អាមេរិកក្នុងការធ្វើការងារជាមួយកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ។
ក្នុងលិខិតតបទៅប្រធានាធិបតីអាមេរិក ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ជាភាសាអង់គ្លេស និងបកប្រែក្រៅផ្លូវការជាភាសាខ្មែរ សម្តេចមានជំនឿថា កិច្ចប្រជុំកំពូលខាងមុខនេះនឹងផ្តល់នូវកាលានុវត្តភាពល្អសម្រាប់យើងផ្លាស់ប្តូរយោបល់គ្នា ថាតើត្រូវធ្វើយ៉ាងណាដើម្បីឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន សហរដ្ឋអាមេរិក រីកចម្រើនទៅមុខបន្ថែមទៀត។
ជាមួយគ្នានេះដែរ សម្តេចក៏បានអរគុណលោក ចូ បៃឌិន ដែលបានសរសេរលិខិតបញ្ជាក់ពីបំណងរបស់អាមេរិកក្នុងការអញ្ជើញសម្តេច និងមេដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ និងបំណងប្រាថ្នាក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកបន្ថែមទៀត ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី “ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម និងជួបជាមួយឯកឧត្តមដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន”៕