ករណីចាក់ប្លន់ម៉ូតូ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ត្រូវឃាត់ខ្លួនជនសង្ស័យ២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់

ភ្នំពេញ៖ ដោយមានការដឹកចង្អុលបង្ហាញ ពីអគ្គស្នងការរង ទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងអគ្គស្នងការរងទទួលដឹកនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោក ជុំ សំណាង និងលោក សាន សីហា ដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កំណត់បានមុខសញ្ញាធ្វើសកម្មភាព និងទីតាំងលាក់ខ្លួន នាំជនសង្ស័យចំនួន៣នាក់។

ការកំណត់បាននូវមុខសញ្ញាជនសង្ស័យនេះ បន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានអំពី លួចមានមានស្ថានទម្ងន់ទោស (យកកាំបិតចាក់ប្លន់) នៅចំណុចកែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

បើតាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបាន ឱ្យដឹងនៅថ្ងៃទី ៣១ ខែឧសភា នេះ ឱ្យដឹងថា ជនសង្ស័យទាំងនោះ រួមមាន ទី១៖ ឈ្មោះ ហែម រាជសី ហៅអាកណ្តុរ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទី២៖ ឈ្មោះ ឃឹម ប៊ុនសក្តិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ និង ទី៣៖ ឈ្មោះ ហ៊ំ សាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម)។

ក្រោយពីធ្វើការ សាកសួរជនសង្ស័យទាំង៣នាក់ បានសារភាពថា៖ ពិតជាបានធ្វើសកម្មភាព វាយប្លន់យកម៉ូតូឌ្រីមសង ១២៥ពណ៍ខ្មៅ ពីជនរងគ្រោះនៅចំណុច កែងផ្លូវលេខ ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពិតប្រាកដមែន។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕