ក្រសួងយុត្តិធម៌នឹងស្វែងរកការពិត ករណីស្ត្រីម្នាក់នៅផ្សារកណ្តាលប្តឹងទាមទារកយុត្តិធម៌ពាក់ព័ន្ធនឹងគេសាងសង់របងបិទផ្លូវសាធារណៈចូលផ្ទះ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងធ្វើការពិនិត្យនិងស្រាវជ្រាវរកការពិត ពាក់ព័ន្ធនឹងករណីស្រ្តីម្នាក់ឈ្មោះ ហាំ លក្ខិណា រស់នៅផ្សារកណ្តាលទី១ រាជធានីភ្នំពេញ ដែលបានប្តឹងទាមទារកយុត្តិធម៌ ជុំវិញអ្នកមានលុយសាងសង់របងបិទផ្លូវសាធារណៈ មិនអាចឱ្យលោកស្រីចេញចូលផ្ទះបានអស់ជាច្រើនឆ្នាំ ខណៈរហូតមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយ ។

លោក ជិន ម៉ាលីន អ្នកនាំពាក្រសួងយុត្តិធម៌ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា ក្រោយពីទទួលបាននូវព័ត៌មាននេះ ក្រសួងយុត្តិធម៌ នឹងធ្វើការពិនិត្យនិងស្រាវជ្រាវរកការពិត ដើម្បីរកដំណោះស្រាយអោយបានត្រឹមត្រូវតាមច្បាប់ហើយ លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រុមអធិការកិច្ចរបស់ក្រសួង ចុះធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់ផងដែរ។

លោកថ្លែងថា៖« ខ្ញុំនឹងផ្តល់ព័ត៌មាននេះជាបន្តបន្ទាប់ទៀតអំពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមអធិការកិច្ចក្រសួង រហូតដល់មានដំណោះស្រាយ»។
លោកស្រី ហាំ លក្ខិណា ដែលមានកូនស្រី២នាក់នៅក្នុងបន្ទុក នៅថ្ងៃទី៣១ ខែឧសភា នេះតាមរយៈអង្គភាពសារព័ត៌មាន Khmer CM បានថ្លែងអំណរគុណ ដល់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកជួយស្វែងរកការពិត ករណីរបស់លោកស្រី ដែលស្ត្រីទន់ខ្សោយ ព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកស្រីរស់នៅវេទនា មិនមានផ្លូវចេញផ្ទះឡើយ ដោយសារតែអ្នកមានលុយសាងសង់របងបិទផ្លូវសាធារណៈ ។

លោកស្រី សង្ឃឹមថា តាមរយៈ លោករដ្ឋមន្ត្រី កើត រិទ្ធ និង លោក ជិន ម៉ាលីន លោក ស្រី និងទទួលបាននូវយុត្តិធម៌ ព្រមទាំងសម្រួល ឱ្យគេបើកផ្លូវសាធារណៈឡើងវិញ ដើម្បីអាចឱ្យលោកស្រីធ្វើដំណើរចេញចូលផ្ទះវិញបាន ខណៈបច្ចុប្បន្ននេះ លោកស្រីបានជួលផ្ទះប្អូនចេញចូលផ្ទះរបស់ខ្លួន។ លោកស្រីមិនចង់បានអ្វីក្រៅពីនេះ នោះទេ ។

លោកស្រីបន្ថែមថា ករណីនេះ លោកស្រី បាន ធ្វើការប្តឹងផ្តល់ អស់ជាច្រើនឆ្នាំមកហើយចាប់តាំងពីគេសាងសង់របងបិទផ្លូវនៅឆ្នាំ ២០១៦ ពីថ្នាក់មូលដ្ឋាន រហូតដល់តុលាការ ប៉ុន្តែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈ អាជ្ញាធរមូលដ្ឋានខណ្ឌ ក៏បានចេញលិខិតឱ្យរូសរើរបងចេញពីផ្លូវសាធារណៈ ប៉ុន្តែ ម្ចាស់របង ឈ្មោះ ជូ រ៉ូសាលី មិនរូសរើ ក៏បន្ត ឡើងដល់តុលាការ រហូតមកទល់បច្ចុប្បន្ននេះ៕