ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហើបថា លោក ឆាំ ឆានី ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស កំពុងធ្វើសកម្មភាពអំពីយុទ្ធនាការហ្វេសប៊ុកប្រឆាំងទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយគណបក្សភ្លើងទៀន ពុំមានឱកាសវាសនាដូចបក្សផ្សេងទៀត ចំនួន១៨គណបក្សបានចុះឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រអាណត្តិទី៧ នាពេលខាងមុន ។ ចំពោះករណីនេះសម្តេចផ្ញើសារថា ប្រយ័ត្នគុកចាំមើលផ្លូវ ។
បើតាមការសង្កេត ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់បុគ្គលឆាំ ឆានីដែលសម្តេចបានគូសបញ្ជាក់ថា កំពុងធ្វើសកម្មប្រឆាំងទៅនឹង គ.ជ.បនោះ គឺមានការផ្សព្វផ្សាយជាហូរហែរផងដែរ អំពីខ្លឹមសារប្រឆាំងគ.ជ.ប ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចមានប្រសាសន៍ថា សម្ដេចទទួលបានសារសំឡេងអំពីគម្រោងធ្វើយុទ្ធនាការហ្វេសប៊ុករបស់បុគ្គល ឆាំ ឆានី ។ ដោយសម្ដេចគូសបញ្ជាក់ថា «សូមផ្ដាំផ្ញើទៅ ឥឡូវបានសេចក្ដីថាគេ (ឆាំ ឆានី) ណែនាំឲ្យធ្វើយុទ្ធនាការហ្វេសប៊ុកប្រឆាំងជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ យុទ្ធនាការហ្វេសប៊ុក ដោយផ្តួចផ្ដើមចំនួន៣ចំណុច ។ ឥឡូវបើលោក ឆាំ ឆានី ឯងចង់ស្ដាប់សំឡេងខ្ញុំចាក់ឲ្យឆាំ ឆានី ឯងបានដឹង»។
បើតាមសម្ដេចដែលបានដកស្រងសម្ដីលោក ឆាំ ឆានី មកថា “សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្ដែសម្ដេចតេជោទេ ទៅសហការជាមួយ គ.ជ.ប និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីមិនឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ” ។
ត្រង់ចំណុចនេះ សម្តេចបានបកស្រាយត្រឡប់ទៅវិញថា កម្ពុជាមានច្បាប់ត្រឹមត្រូវ ហើយគណបក្សប្រជាជនកម្ពុជា ក៏គ្មានចំណងទាក់ទងអ្វីជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នោះទេ។ សម្ដេចថា ចំណែករាជរដ្ឋាភិបាល គ្មានភារកិច្ចអ្វីទៅត្រួតត្រាទៅលើស្ថាប័នធម្មនុញ្ញដែលជាស្ថាប័នកំពូលឡើយ។ ដូច្នេះសូមកុំច្រឡំ ។
សម្ដេច បានផ្តាំសារទៀតថា ចំពោះអ្នកមានបំណងប្រឆាំង គ.ជ.ប និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ត្រូវស្វាគមន៍ដោយគុកជាក់ជាមិនខាន។
ក្នុងន័យនេះ សម្ដេចគូសបញ្ជាក់យ៉ាងច្បាស់ៗថា «សូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្ម ឬស្អីៗកុំរញ៉េរញ៉ៃ សារខ្ញុំនៅមានតម្លៃ… សូមបញ្ជាក់ ។ ខ្ញុំ មិនចាំបាច់ចេញសារទីពីរទេ សារទីមួយនៅមានតម្លៃ ហើយចាប់យកទាំងអស់ អ្នកណាក៏ដោយដែលមកបំផ្លាញនូវស្ថេរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់យកទាំងអស់ អត់មានទុកឡើយ»។
ការលើកឡើងរបស់លោក ឆាំ ឆានី ជាមនុស្សគាំទ្រយ៉ាងសកម្មចំពោះលោក សម រង្ស៊ី ដែលរៀបចំយុទ្ធនាការហ្វេសប៊ុកដោយនាំគ្នីគ្នាធ្វើតាមហ្វេសប៊ុក ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចយល់ស្របតាម គ.ជ.ប ដែលបានបដិសេធមិនទទួលស្គាល់ឯកសារសុំចុះបញ្ជីចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន។ ការបដិសេធនេះ ដោយសារគណបក្សភ្លើងទៀនមិនបានភ្ជាប់ប្រកាស ស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យបានត្រឹមត្រូវ៕