(កំពង់ចាម)៖ នៅថ្ងៃត្រង់នេះ ប្ដីប្រពន្ធមួយគូ ត្រូវបានខ្មាន់កាំភ្លើងចូលបាញ់ប្រហារដល់ក្នុងផ្ទះវីឡា បណ្ដាលឱ្យប្រពន្ធស្លាប់ភ្លាមៗនៅមុខផ្ទះ ឯប្ដីរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៏នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឃាតករ ចុះពីរថយន្ដមួយគ្រឿង ដើរសំដៅចូលផ្ទះជនរងគ្រោះ ក្រោយមកស្រាប់តែលើសំឡេងស្នូរកាំភ្លើងផ្ទួនៗជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកទើបដឹងថា ស្នូរកាំភ្លើងផ្ទួនៗនោះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ និងប្ដីរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែក ខ្មាន់កាំភ្លើងបានគេចខ្លួនក្រោយធ្វើសកម្មភាពរួច។
បច្ចុប្បន្ន កងកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលខេត្ដកំពង់ចាម កំពុងចុះពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវតាមនីតិវិធី៕