ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតក្រុមអត្តពលិកកម្ពុជា រស់នៅក្រៅប្រទេសដែលជាម្ចាស់ជ័យលាភីម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធចូលជួបមុនពេលជម្រាបលា ពីមាតុភូមិកម្ពុជាទៅកាន់ប្រទេសរៀងៗខ្លួនវិញនៅព្រឹកថ្ងៃ១១ ឧសភា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានកោតសរសើរដល់ពួកគេថា បានលើកតម្កើងកិត្តិនាម កេរ្តិ៍ឈោ្មះកម្ពុជា ទាំងនៅក្នុងតំបន់ និងសកលលោក។
តាមការផ្សាយរបស់ទូរទស្សន៍ជាតិបានឲ្យដឹងថា “សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការិនី កម្ពុជារស់នៅក្រៅប្រទេសទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់នាពេលកន្លងមករហូតដល់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ជូនជាតិមាតុភូមិយើងប្រកប ដោយវិជ្ជាជីវៈ គុណផល ភាពថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ និងបានលើកតម្កើងកិត្តិនាម កេរ្តិ៍ឈោ្មះកម្ពុជា នៅក្នុងតំបន់ និងសកលលោក” ។
សម្តេចបន្តថា ជោគជ័យទទួលបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍បានបង្ហាញពីពលរដ្ឋខ្មែរ ទោះបីទៅរស់នៅប្រទេសណាក៏ដោយ ប៉ុន្តែពុំបោះបង់ចោលប្រទេសជាតិខ្លួនឡើយ ហើយគ្រប់ពេលវេលាដែលប្រទេសជាតិត្រូវការក្រុមកីឡាករ-កីឡាការិនី ក៏ដូចជាពលរដ្ឋដទៃទៀតតែងតែចូលរួមគាំទ្រលើកតម្កើងកិត្តិនាម កេរ្តិ៍ឈ្មោះប្រទេសជាតិនៅលើឆាកអន្តរជាតិ។
សម្តេចថា ទាំងអស់នេះបានបង្ហាញពីឆន្ទៈស្នេហាជាតិ ស្រឡាញ់ជាតិមាតុភូមិនោះគឺការសាមគ្គីភាព ឯកភាពជាតិ បាននាំមកនូវជោគជ័យនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលជាវិស័យមួយតម្រូវឲ្យយុវជនទាំងក្នុង និងក្រៅប្រទេសរួមគ្នាលើកតម្កើងឲ្យកាន់តែខ្លាំងក្លាថែមទៀត ។
គិតមកដល់ម៉ោងប្រមាណជា២រសៀលនេះ កម្ពុជាបានទទួលមេដាយសរុបចំនួន១៣៧ ក្នុងនោះមាស៤៧ ប្រាក់៤១ និងសំរិទ្ធ៤៩ ៕