ពលរដ្ឋជាង ៤០០ នាក់នៅខេត្តតាកែវដាក់ពាក្យប្តឹងស្វែងរកយុត្តិធម៌ ព្រោះចាញ់បោកក្រុមហ៊ុន ជា សារ៉ន នៅខេត្តកំពត

តាកែវ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវជាង៤០០នាក់បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តតាកែវអោយជួយពួកគាត់ដែលចាញ់បោកក្រុមហ៊ុន ជា សារ៉ន នៅខេត្តកំពត ។ នេះបើតាមកិច្ចប្រជុំស្វែងរកដំណោះស្រាយរបស់លោក អ៊ួច ភា អភិបាលខេត្តតាកែវ ជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនិងទិញដីធ្លីនិងវិនិយោគជាមួយឧកញ៉ា ជា សារ៉ន នៅព្រឹកថ្ងៃទី ៥ ខែឧសភានេះ ។

ក្រោយពីស្ដាប់ការលើកឡើង និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលចូលរួមប្រមាណជាង៥០០នាក់ដោយស្នើសុំអោយអាជ្ញាធខេត្តតាកែវជួយអន្តរាគមន៍ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានដោះស្រាយបញ្ហាចំនួន៣ចំណុចជូនបងប្អូនប្រជាពលរដ្ឋ។

បើតាម លោក អ៊ូច ភា ទី១ អោយប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងនៅខេត្តកំពតឬដាក់ពាក្យបណ្ដឹងនៅសាលាខេត្តតាកែវ ហើយអាជ្ញាធខេត្តតាកែវនិងជួយអន្តរាគមន៍ទៅខេត្តកំពតអោយជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ ទី២ ករណីបងប្អូនប្រជាពលរដ្ឋខ្ចីលុយធនាគារ គឺអោយក្រុមហ៊ុន ជា សារ៉ន ជាអ្នកទទួលខុសត្រូវក្នុងការបង់ការប្រាក់ជំនួសប្រជាពលរដ្ឋ និងទី៣ ពាក់ព័ន្អនិងប្លង់ដីរបស់ប្រជាពលរដ្ឋដែលដាក់បញ្ចាំនៅធនាគារគឺអោយក្រុមហ៊ុន ជា សារ៉ន យកអចលនៈទ្រព្យរបស់ខ្លួនដាក់បញ្ចាំនៅធនាគារយកប្រាក់មកលោះប្លង់ជូនបងប្អូនប្រជាពលរដ្ឋវិញ។

ជាមួយគ្នាននោះ លោកអភិបាលខេត្ត ក៍បានសំណូមពរដល់បុគ្គលិកធនាគារនិងបុគ្គលិកមីក្រូហិរញ្ញវត្ថុទាំងអស់សូមកុំមានការគំរាមកំហែងប្ដឹងផ្ដល់ ឬរឹបអូសផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋដែលខ្ចីលុយពាក់ព័ន្ធទៅនិងក្រុមហ៊ុន ជា សារ៉ន ហើយក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងអន្តរាគមន៍អោយបានទាន់ពេលវេលាក្នុងការជួយបងប្អូនប្រជាពលរដ្ឋបើមានការគំរាមកំហែងណាមួយ។

ប្រជាពលរដ្ឋបានទទួលយកចំពោះដំណោះស្រាយរបស់អាជ្ញាធរខេត្តតាកែវជូនបងប្អូនប្រជាពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន ជា សារ៉ន៕