ភ្នំពេញ៖ អ្នកសារព័ត៌មានអាចទាញយករូបថតនៃពិធីបើក-បិទនៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការ ប្រកួតដទៃទៀត តាម QR Code។ នេះ បើតាមសេចក្តីជូនដំណឹង ស្តីពី ការថតរូបក្នុងពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការផ្តល់សិទ្ធិប្រើប្រាស់ និងចែកចាយរូបភាព របស់គណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៣។
សេចក្តីជូនដំណឹងនេះ ធ្វើឡើង បន្ទាប់ពីអ្នកថតរូបមកពីបណ្តាស្ថាប័នព័ត៌មាននៅក្នុងប្រទេសកម្ពុជាផ្ទុះការតវា និង ខកចិត្តដែលមិនបានចូលរួម ប្រកាសបើកព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នៅល្ងាចយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ដែលម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សេចក្តីជូនដំណឹងនេះសរសេរថា ដោយបរិមាណអ្នកសារព័ត៌មាន មានចំនួនច្រើន និងកន្លែងមានកំណត់ គណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC បានអនុញ្ញាតិឱ្យការីថតផ្លូវការ (Host Photographer) និងអ្នកសារព័ត៌មានផ្លូវការ នៃបណ្តាប្រទេសសមាជិកដែលចូលរួម ចុះយកព័ត៌មាន និងធ្វើ ការផ្ដិតយករូបភាព ពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។
សេចក្តីជូនដំណឹងដដែលបន្តថា ទន្ទឹមនេះ គណៈកម្មការព័ត៌មាន និង ផ្សព្វផ្សាយ អនុញ្ញាតឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រើប្រាស់រូបភាពផ្សេងៗ របស់គណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ក្នុងគោលដៅផ្សព្វផ្សាយអំពីកីឡា និងជម្រុញ លើកកម្ពស់វិស័យកីឡា និងទេសចរណ៍ ឱ្យកាន់តែទូលំទូលាយ ដល់សាធារណៈជនទូទាំងព្រះរាជាណាចក្រ កម្ពុជា និងលើឆាកអន្តរជាតិ។
បើតាមសេចក្តីជូនដំណឹងដដែល ក្នុងករណីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រើប្រាស់ខុសគោលដៅ សូមសាម៉ីអង្គភាពទទួលខុសត្រូវដោយខ្លួនឯង។ អ្នកសារព័ត៌មានអាចទាញយករូបថតនៃពិធីបើក-បិទនៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការ ប្រកួតដទៃទៀត ដោយស្កេន QR Code៕