ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ប័ន្ធករណីហិង្សាចេតនា នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយ ទទួលបានការណែនាំ ពី លោក សម សាមួន ស្នងការនគរបាលខេត្ដ កំពង់ស្ពឺ កំលាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និង កំណត់ មុខសញ្ញា សង្ស័យបក្ខពួក និងឈានទៅការ ឃាត់ខ្លួន បាន០២នាក់ ក្នុងចំណោម បក្ខពួក ផ្សេងទៀត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៣។ នេះ បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៣។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បន្តថា កាលវេលាម៉ោង២២និង៣៥នាទី ថៃ្ងទី០១ ខែឧសភា ឆ្នាំ២០២៣ មានករណីហិង្សាចេតនា( កាប់បង្កឱ្យមានរបួស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(ម៉ូតូ) នៅចំណុចតាមផ្លូវកៅស៊ូលេខ ១០៦ មុខក្លោងទ្វាវត្តថ្មី ខាងលិច ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលនេះបន្តថា តាមបណ្ដឹង របស់ជនរងគ្រោះ មានឈ្មោះ ហ៊ឹម សីហា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន មុខរបរកម្មកររោងចក្រ បានរៀបរាប់ ទាំងទឹកភ្នែកថា មុនពេលកើតហេតុ បានចេញពីហូបអី នៅហាងស្រាក្រឡុក ជាមួយមិត្តភ័ក្កដោយមានគ្នា០៤នាក់ ស្រី០២នាក់ ពេលជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏បានឈប់ម៉ូតូដើម្បីទិញបាកាសហូប ពេលកំពុងឈប់ទិញក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូ០៤គ្រឿង មានគ្នា០៧នាក់កាន់ដាវ នឹងកាំបិតផ្កាក់ បានចុះធ្វើសកម្មភាពវ៉ៃ និងកាប់មកលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសត្រូវចំក្បាលដេរចំនួន ០៩ ថ្នេរ ត្រូវចំកែងដៃដេរចំនួន ០៣ថ្នេរ និងត្រូវចំចង្កេះខាងឆ្វេងដេរចំនួន ០៣ថ្នេរ ហើយបានកាប់ ម៉ូតូខូចខាតស្ទេីទាំងស្រុង ។

ប្រភពដដែលបន្ថែមថា ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ ជំនាញព្រហ្មទណ្ឌក្រុងច្បារមន និងបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ទោ សមសាមួន ស្នងការ នគរបាលខេត្ដ កំពង់ស្ពឺ កំលាំងនគរបាល បន្ដស្រាវជ្រាវរហូតកំណត់ មុខសញ្ញា សង្ស័យបក្ខពួក និងឈានទៅការ ឃាត់ខ្លួនបាន០២នាក់ ក្នុងចំណោម បក្ខពួក ផ្សេងទៀត កាលពីថ្ងៃទី៣ ខែមឧសភា ឆ្នាំ ២០២៣ ។

ជនសង្ស័យទាំងនោះរួមមាន ១.ឈ្មោះ ហែន រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំភ្នំតូច ស្រុកឧត្ដុង្គ( អ្នកវ៉ៃទៅលើជនរងគ្រោះ )២.ឈ្មោះ ស្រេង ស៉ិន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជើងក្ដី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកកាប់ ។

ករណីខាងលើកំលាំងព្រហ្មទណ្ឌក្រុងច្បារមនបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត ចាត់ការតាមនីតិវិធី ៕