រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យស្រុកបាធាយពិនិត្យករណីលក់សត្វព្រៃជាអាហារក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ខៀវ កញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យ អាជ្ញាធរស្រុកបាធាយខេត្តនៃកំពង់ចាម ពិនិត្យ និងដោះស្រាយ ករណីលក់សត្វព្រៃជាអាហារក្នុងមូលដ្ឋានរបស់ខ្លួន ក្រោយពីទទួលបានព័ត៌មានតាមបណ្តាញសង្គម ពីប្រជាបលរដ្ឋ។

លោក ខៀវ កាញ៉ារីទ្ធ បានសរសេរអមជាមួយសារពីប្រជាបលរដ្ឋនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ យ៉ាងខ្លីថា « ជូនអាជ្ញាធរមូលដ្ឋាន»។

ប្រជាពលរដ្ឋម្នាក់ ដែលកាន់គណនីឈ្មោះ « កសិករ ២១»បាន ឱ្យដឹងថា «ក្នុងនាមខ្ញុំជាអ្នករស់នៅស្រុកបាធាយម្នាក់ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ គ្មានអស់លោកណាយកភ្នែកមើលការលក់សត្វព្រៃជាអាហារក្លាយជាប្រពៃណីទៅហើយនៅក្បែរសាលាស្រុកទៅទៀត»។

លោកបន្តថា «ហឹម… មិនដឹងពួកគាត់គិតអី! ២០២៣ហើយរករបរណាឱ្យចម្រើនស្រុកទេសផងទៅលោក។ កុំចាំដល់ដាច់ពូជរលាយរលុតទើបស្ដាយ»។

បើតាមប្រភពដដែលនេះ កន្លែងលក់សត្វព្រៃពេញៗកញ្រ្ចែង ជាអាហារនេះ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ចន្លោះភ្នំបាធាយ_ស្ពានដែក និង ផ្សារទំនប់ ៕