សម្តេច ហ៊ុន សែន ឲ្យកម្លោះ-ក្រមុំជួបគ្នាលើឡានក្រុងជិះទៅស្រុកកំណើតថ្ងៃចូលឆ្នាំ ស្រឡាញ់គ្នា ឈានដល់រៀបការ កុំភ្លេចផ្ញើធៀបប្រាប់សម្តេចផង

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យកម្លោះ-ក្រមុំជួបគ្នាលើឡានក្រុងក្នុងពេលជិះទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយឈានទៅដល់ដំណាក់កាលរៀបការនោះ កុំភ្លេចផ្ញើធៀបការប្រាប់សម្តេចផង ដើម្បីសម្តេចបានចង់ដៃ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃ ២០មេសា សម្តេចតេជោបានលើកឡើងថា «អ្នកខ្លះគេនិយាយគ្នាបែបនេះទៀត គឺគេស្គាល់គ្នានៅលើរថយន្តក្រុង ដែលពីមុនគេមិនដែលស្គាល់គ្នានោះទេ។ វាសប្បាយដល់ប៉ុណ្ណឹង! គេជិះឡានជាមួយគ្នា គេស្គាល់គ្នាលើឡាន ហើយសង្ឃឹម ថាអាចមាននារី ឬបុរសដែលនៅកម្លោះ និងក្រមុំដែលបានរៀបការ ស្គាល់គ្នា តាមឡានក្រុងប្រាប់ខ្ញុំផងដើម្បីចង់ដៃ»។

ជាមួយគ្នានោះដែរ សម្តេច ក៏បានលើកឡើងថាកាលពីថ្ងៃអង្គរសង្ក្រាន្តកន្លងមកមាននារី បុរសគេបានស្គាល់គ្នាជួបគ្នាហើយបានរៀបការជាមួយគ្នា។ ប៉ុន្តែនៅឆ្នាំនេះសម្តេចសង្ឃឹមថានារី បុរសអាចជួបគ្នានៅលើឡានក្រុងបន្ទាប់ទៅគេរៀបការជាមួយគ្នា។

សម្តេចសង្កត់ធ្ងន់ទៀតថា «បើយ៉ាងដូច្នេះ ពេលរៀបការសូមធ្វើលិខិតផ្ញើឲ្យខ្ញុំផងដើម្បីខ្ញុំចង់ដៃ ។ នេះជាស្ថានភាពដែលបង្កការសប្បាយសម្រាប់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី»។

ពាក់ព័ន្ធរថយន្តក្រុងនេះ សម្តេច ក៏បានអរគុណលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញដែលបានផ្តល់រថយន្តក្រុងដើម្បីដឹកប្រជាពលរដ្ឋទៅស្រុកកំណើតប្រមាណជាង៥ម៉ឺននាក់ ។ ដោយសម្តេចបញ្ជាក់ថា «មើលប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងតែដំណាក់កាលកូវីដទេ ខ្ញុំចង់ដេញថ្លៃជាមួយរថយន្តឈ្នួល និងតាក់ស៊ី ពូកែឡើងថ្លៃកប់ពពកអីចឹងខ្ញុំចាប់ផ្តើមលេង«…» យើងសង្កេតមើល ថែមរថយន្តទៀត»។

បើតាមរបាយការណ៍ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមកនេះ មានប្រជាពលរដ្ឋដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ជាង១៣លាននាក់នៅទូទាំងប្រទេស។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៣-១៧ មេសា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ។ រថយន្តក្រុងទាំង៣៤៥គ្រឿងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែក៧០គ្រឿងសម្រាប់ដឹកជញ្ជូន ពលរដ្ឋនៅរាជធានីភ្នំពេញ។ ចំណែក២៧៥គ្រឿងទៀត សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តមួយចំនួន៕