លោក ស សុខា ៖ ការដំឡើងឋានន្តរស័ក្តិជូនលោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍ គឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេង

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឡើងថាការដំឡើងឋានន្តរស័ក្តិ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជានាយឧត្តមសេនីយ៍ គឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់លោកក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយជាបន្តបន្ទាប់។

ការលើកឡើងរបស់លោក ស សុខា ដែលជាកូនប្រុសច្បាប់របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើង ក្នុងឱកាសដែលសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍ជូនលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ លោក ស សុខា បាន កោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ហ៊ុន ម៉ាណែត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហគាំទ្រឯកឧត្តមបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សដែរនេះលោក ស សុខា និងក្រុមគ្រួសារ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរជូនលោក ហ៊ុន ម៉ាណែត ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍលើគ្រប់វិស័យកុំបីខានឡើយ៕