ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិភស្តុភារកម្មបាននឹងកំពុងពិនិត្យពិភាក្សា ផ្តល់មតិយោបល់ និងធាតុចូលលើសេចក្តីព្រាង “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០” ដើម្បីធ្វើឱ្យសេចក្តីព្រាងផែនការមេនេះ មានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដែលអាចអនុវត្តបានពីគ្រប់ភាគីពាក់ព័ន្ធ។
តាមរយៈកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិភស្តុភារកម្ម ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣បានបញ្ជាក់ថា សេចក្តីព្រាង “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០” និងធ្វើឱ្យប្រសើរឡើងសមត្ថភាពនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម សំដៅបង្កើនអត្ថប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
ផែនការមេគ្រប់ជ្រុងជ្រោយ គឺជាការសំយោគបញ្ចូលគ្នានូវផ្នែកសំខាន់ៗចំនួន ០៧ នៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងនោះរួមមាន៖ ការដឹកជញ្ជូនតាមផ្លូវថ្នល់ ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរមធ្យោបាយ ឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ហើយងាយស្រួលក្នុងការអនុវត្ត ព្រមទាំងមានលក្ខណៈប្រាកដនិយមក្នុងប្រើប្រាស់ថវិកាសម្រាប់វិនិយោគផងដែរ។
សេចក្តីព្រាង ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២ ដល់ឆ្នាំ២០៣០នេះ ត្រូវបានរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឈរលើចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដោយផ្ដោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលមានការតភ្ជាប់ខ្ពស់ និងប្រទាក់ក្រឡាទាំងនៅក្នុងផ្ទៃប្រទេស និងនៅក្នុងតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្ដីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕