កូនផ្សោតមួយក្បាល បានងាប់នៅស្រុកព្រែកប្រសព្វ អាចដោយសារជាប់មង

ភ្នំពេញ ៖ តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF បានសន្និដ្ឋានថា កូនផ្សោតមួយក្បាល់ ដែលមានអាយុប្រ មាណ៤ថ្ងៃ បានងាប់ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសារជាប់មងរបស់ប្រជានេសាទ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផល នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា «មានកូនផ្សោតឈ្មោល ១ក្បាល បានស្លាប់ នៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ ៤ថ្ងៃ រលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង។ តាមរយៈ នៃការធ្វើកោសល្យវិច្ច័យ ក្រុមការងារបានសន្និដ្ឋានថា កូនផ្សោតនេះ ស្លាប់ដោយជាប់មង»។

រដ្ឋបាលជលផលបន្តថា បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១២០គីឡូម៉ែត្រ ចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទដែលប្រើ ឧបករណ៍មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត។

ទន្ទឹមនេះ ក្រសួងកសិកម្ម ក៏បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ ដៃគូពាក់ព័ន្ធ បាននិងកំពុងបន្តពង្រឹងការការពារជាប្រចាំនៅតំបន់ដែលសត្វផ្សោតរស់នៅ ព្រមទាំងបានបន្តរអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាននៃសត្វផ្សោតទន្លេមេគង្គនេះ។ ជាលទ្ធផលការប្រើមង សន្ទូចរនង និងឧបករណ៍ឆក់មានការថយចុះប្រមាណពី៥០ ទៅ៦០%។ ទោះយ៉ាងនេះក្តី ការឆ្លៀតឱកាសប្រើមង សន្ទូចរនង និងការលួចប្រើឧបករណ៍ឆក់ បានកើតមានក្នុងកន្លែងមួយចំនួនដែលជាហេតុនាំឲ្យសត្វផ្សោតស្លាប់។

ជាមួយគ្នានេះ រដ្ឋបាលជលផល បានអំពាវនាវដោយទទូចដល់ប្រជានេសាទ ត្រូវឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាពសត្វផ្សោត សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនប្រាក់ចំណូល និងសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់និង ថែរក្សាបន្ត៕