ក្រសួងសុខាភិបាល រៀបចំផែនការ ការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីសុខាភិបាល បានឲ្យមន្រ្តីក្រោមឱវាទរៀបចំផែនការ ការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនៅកម្ពុជា។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៩ មេសា នេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នោះ នឹងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

លោកថា «ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) នាពេលខាងមុខ ក្រសួងសុខាភិបាលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ និងមានការចូលរួមពីមូលដ្ឋានសុខាភិបាលឯកជនមួយចំនួន ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់»។

លោកបន្ដថា ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាពត្រូវស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅតាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង និងភ្ជាប់មកជាមួយ នូវតារាងកំណត់ទីតាំង (QR CODE) ប្រភេទរថយន្តគិលានសង្គ្រោះ ឈ្មោះមន្ត្រីបុគ្គលិកទទួលខុសត្រូវ និងលេខទូរស័ព្ទតាមទីតាំងនីមួយៗ។ ក្រសួងសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទីតាំងផ្តល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្តែង។

ការប្រកាសរបស់ក្រសួងនេះ បន្ទាប់ពីសម្តេច ហ៊ុន​ សែន បានឲ្យក្រសួងសុខាភិបាលពិនិត្យឲ្យបានម្មត់ចត់អំពីព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសលើករណីកូវីដ១៩ ទោះបីរាជរដ្ឋាភិបាលបន្ធូរបន្ថយវិធានការណ៍កូវីដក៏ដោយ៕