ភ្នំពេញ៖ អគ្គស្នងការនគរបាលនគរបាលជាតិ ស្នើឱ្យស្នងការនគរបាលរាជធានី-ខេត្តមានវិធានការលើ សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួន ០៥ រូប ដែលកំពុងមាន វត្តមាននៅក្នុងប្រទេសកម្ពុជា ។
ការឱ្យមានវិធានការនេះ ធ្វើឡើងយោងតាម លិខិតមួយដែលចុះហត្ថលេខា ដោយលោក ឌី វិជ្ជា អគ្គសង្នការរងនៃអគ្គស្នងការនគរបាលជាតិ កាល ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ និង លិខិតនគរបាលសហព័ន្ធអូស្ត្រាលី (AFP) លេខ ០១៩/២០២៣ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣។
តបតាមកម្មវត្ថុ និងយោងខាងលើលោក ឌី វិជ្ជា ជម្រាបជូន ស្នងការនគរបាលរាជធានី-ខេត្ត ឲ្យបានជ្រាបថាៈ នគរបាលប្រទេសនូវែលសេឡង់ បានផ្ដល់ដំណឹងជូន នគរបាលសហព័ន្ធអូស្ត្រាលី មកថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ០៥ រូប ។
សមាជិកឧក្រិដ្ឋជនទាំងនោះរួមមាន ១. ឈ្មោះ Elias Richard Robert GAITAU ភេទប្រុស ជនជាតិនូវែលសេឡង់ ថ្ងៃកំណើត ២០/០៧/ ១៩៩១ លិខិតឆ្លងដែនលេខ LM768142 ។ ២. ឈ្មោះ Tau Te DALY ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៤/០៩/១៩៩៨ លិខិតឆ្លងដែន លេខ RA166496 ។ ៣. ឈ្មោះ Zion Sylvester LEOTA ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ២៩/១១/១៩៨៧ លិខិតឆ្លងដែនលេខ LM937554។ ៤. ឈ្មោះ Gordon Taiyeng MUAVAA ភេទប្រុស សញ្ញាតិនូវែលសេឡង់ ថ្ងៃកំណើត ១១/០៥/១៩៩៧ លិខិតឆ្លងដែនលេខ ( RA434112។ និង ៥. ឈ្មោះ Kelemi Sesa PAULI NIUE SIATIU ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៩/០១/ ១៩៩៥ លិខិតឆ្លងដែនលេខ RA538720។
លោកស្នើសុំបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងករណីក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួន ០៥ រូបខាងលើ មានវត្តមានក្នុងខេត្តសាមី សូមផ្តល់ព័ត៌មានមកលោក ឈួ ចាន់ថន ប្រធានក្រុមប្រតិបត្តិការផ្ដល់-TCT និងជាសមាជិកក្រុម ប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបក្រុមឧក្រិដ្ឋជនម៉ូតូធំ OMCG (០៧៧ ៦៦៨ ៦៦៦)៕