ភ្នំពេញ:ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបភ្លឺ ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយ ដោយចោទប្រកាន់មកលើសមត្ថកិច្ចមិនទទួលបណ្តឹង និងទារលុយ១០០ដុល្លា ពេលនេះប្រជាពលរដ្ឋបានធ្វើការបកស្រាយមិនមែនជាការពិតទេ តាមការសាកសួរ និងចូលមកបំភ្លឺរបស់ប្រជាពលរដ្ឋ ពេលនោះមានប្រជាពលរដ្ឋម្នាក់នៅម្តុំនឹងដែរ ដែលជាអ្នកនិយាយថា “ជូនគេ១០០ទៅ គេដោះស្រាយអោយហើយ” តាមពិតជាក់ស្តែងមិនមែនសមត្ថកិច្ចជាអ្នកនិយាយទារលុយពីជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងនោះទេ។
តាមពិតជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២០:៣០នាទី មានករណីហឹង្សា កើតឡើងនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ហើយសមត្ថកិច្ចបានទៅដល់ទីតាំងកើតហេតុភ្លាមបន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ ពេលសមត្ថកិច្ចដល់កើតហេតុជនបង្កបានគេចខ្លួនបាត់អស់ នៅតែជនរងគ្រោះ ក៏នាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។ ពេលមកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ជនរងគ្រោះឈ្មោះ មិន សុខណេ បានដើរចូលក្នុងប៉ុស្ដិ៍ ក៏មានប្រជាពលរដ្ឋម្នាក់នៅជិតនឹងបាននិយាយថា “ជូនគេ១០០ទៅ គេដោះស្រាយអោយហើយ” ដោយសមត្ថកិច្ចមិនបាននិយាយអ្វីទាំងអស់ បន្ទាប់ពីចូលក្នុងបន្ទប់ទទួលពាក្យបណ្តឹងសមត្ថកិច្ចបានសរសេរពាក្យបណ្ដឹងជូនជនរងគ្រោះ និងឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញរងចាំព្រឹកស្អែកហៅជនបង្កមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីសួរនាំបន្ថែម។
ពេលលោក មិន សុខណេ មកដល់ផ្ទះវិញ ក៏មានអ្នកសារព័ត៌មាន បានមកសួរនាំអំពីករណីហឹង្សា ហើយជនរងគ្រោះក៏រៀបរាប់តាមដំណើររឿង និងដោយមានការយល់ច្រលំផង ទើបជនរងគ្រោះបាននិយាយថាសមត្ថកិច្ចទាមទារប្រាក់១០០ដុល្លារ ។
បន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយព័ត៌មានមិនពិត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចនៃប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានធ្វើការកោះហៅឈ្មោះ មិន សុណេ ឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ និងបានធ្វើលិខិតសេចក្ដីបំភ្លឺ ដោយខ្លួនមានការយល់ច្រលំ បានទទួលស្គាល់កំហុស និងសុំទោសមកសមត្ថកិច្ចផងដែរ ៕