ភ្នំពេញ ៖ មន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ បានយកកាំភ្លើងរ៉ូឡូ បាញ់សម្លាប់ខ្លួននៅលើគ្រែ ដោយសារតែវិបត្តិផ្លូវចិត្ត និងមានជំងឺប្រចាំកាយច្រើនមុខជាប់ខ្លួន ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២យប់ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៤៨០ ផ្លូវលេខ៥៥BT ក្រុមទី៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ស៊ុម រី ភេទប្រុស អាយុ៥៥ឆ្នាំ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក ពាក់ស័ក្ក៤ ជានាយរងផ្នែក មន្ទីរប្រឆាំងគ្រឿងញៀនក២ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អត្តលេខ ០៦១១៣ រស់នៅផ្ទះកើតហេតុខាងលើ ប្រើកាំភ្លើងខ្លីម៉ាករ៉ូឡូ លេខ ៣៦៤៥៩ ផលិតនៅប្រទេស អាមេរិច បាញ់សម្លាប់ខ្លួន ចំនួន០១គ្រាប់ ចំសៀតផ្កាខាងស្ដាំធ្លាយចេញក្បាលចំហៀងខាងឆ្វេង។
បើតាមសម្ដី របស់ប្រពន្ធជនរងគ្រោះឱ្យដឹងថា ប្ដីរបស់គាត់បានធ្វើអត្តឃាត យកកាំភ្លើងខ្លីម៉ាករ៉ូឡូ បាញ់សម្លាប់ខ្លួនឯង នៅលើគ្រែក្នុងផ្ទះម្ដាយបង្កើតរបស់គាត់ ស្លាប់ក្នុងថ្លុកឈាម ដោយសារតែគាត់ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ និងមានជំងឺប្រចាំកាយជាច្រើនជាប់ខ្លួន មានទាំង ទឹកនោមផ្អែម លើសឈាម ក្រពះនិងពោះវៀន តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ហូបអាហារមិនកើត ពិបាកចិត្ត ហើយកន្លងមក គាត់ធ្លាប់បានព្យាយាមធ្វើអត្តឃាតម្តងមកហើយ តែត្រូវក្រុមគ្រួសារយកអាវុធទុក លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ម៉ោង២ទៀបភ្លឺជនរងគ្រោះ បានយកអាវុធខ្លី បាញ់ធ្វើអត្តឃាតខ្លួនតែម្តង។
ក្រោយពីការធ្វើកោសល្យវិច័យ ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តបានដកហូតអាវុធរក្សាទុកជាបណ្តោះអាសន្ន និងប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី សូមចូលរួមរំលែកទុក្ខផង ៕