ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងបាន តម្រូវ ឱ្យគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សាជាពិសេសករណីអ្នកគ្រូម្នាក់ប្រើអំពើហឹង្សាលើសិស្សនៅសាលាបឋមសិក្សាថ្មគ្រែក្នុងខេត្តក្រចេះ ដោយចាត់វិធានការរដ្ឋបាលតាមទិដ្ឋភាពជាក់ស្តែង។
ការឱ្យមានចំណាត់ការដោះស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសបុកមួយឈ្មោះ Sreymao Sok កាលពី ថ្ងៃទី ១៣ ខែមីនា បានបង្ហោះ ករណីមានអ្នកគ្រូមា្នក់ឈ្មោះ ភោគ វណ្ណះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ បានរើសអើងសិស្សអ្នកមាន អ្នកក្រ មានការជេប្រមាថ និងឈានដល់ការយកអំបោសវៃសិស្សដល់ថ្នាក់របួសស្នាមច្រើនកន្លែង នៅសាលាបឋមសិក្សាថ្មគ្រែក្នុងខេត្តក្រចេះ។
លោក រស់ សុវាចា ប្រាប់សារព័ត៌មានKHMER CM បន្តថា បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។
គណនីហ្វេសបុកមួយឈ្មោះ Sreymao Sok បានសរសេរថា «នៅថ្ងៃទី10/3/23 អ្នកគ្រូភោគ វណ្ណះដោយសារតែការរើសអើងសិស្សអ្នកមានអ្នកក្រ មានការជេប្រមាថ ឈានដល់ការយកអំបោសវៃសិស្សដល់ថ្នាក់របួសស្នាមច្រើនកន្លែងហើយគ្មានទំនួលត្រូវលើក្មេងទៀត មិនប៉ុណ្ណោះហៅហង្សមាសមកផ្សាយដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយសាតែការជួយក្មេងអោយផុតពីការប្រើអំពើហឹង្សា នាងខ្ញុំបែជាអ្នកខុសទៅវិញ»។
ហ្វេសបុកដដែលបន្តថា «ដូចនេះសូមសម្តេចទ្រង់ឯកឧត្តម លោកជំទាវ មាតាបិតាជនរួមជាតិទាំងអស់មេត្តាជួយរកយុត្តិធម៌អោយក្មេងនិងរូបនាងខ្ញុំផងសូមមេត្តាជួយស៊ានិងឡាយអោយបានដឹងដល់សម្តេចពុកផងសាលានេះនៅសាលាបឋមសិក្សាថ្មគ្រែក្នុងខេត្តក្រចេះ( ខ្ញុំមិនចង់ផុសទេ ឱ្យគាត់សងថ្លៃព្យាបាលរបួសនិងសម្រួលជាមួយអាណាព្យាបាលសិស្សទៅ បែជាមិនទទួលស្គាល់កំហុសរបស់ខ្លួនផ្សាយទូរទស្សន៍ទៀត)..»៕