សម្ដេច ហ៊ុន សែន ថា មិនអាចធ្វើនាយករដ្ឋមន្ត្រីរហូតឡើយ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេច នឹងមិនអាចធ្វើនាយករដ្ឋមន្ដ្រីរហូតឡើយ ព្រោះរកក្មេងបានហើយ ត្រូវឲ្យធ្វើនាយករដ្ឋមន្ដ្រី បន្ដទៀត។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ បានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ រំលឹកថា នាពេលកន្លងទៅ មានគេទាយថា សម្ដេចមានអាយុ៩៣ឆ្នាំ(បន្តរស់នៅ) ប៉ុន្ដែមិនអាចអ្នកណាមួយធ្វើនាយករដ្ឋមន្ដ្រីដល់ថ្ងៃស្លាប់ឡើយ គឺទុកឲ្យក្មេងគេធ្វើបន្ដទៀត ព្រោះសម្ដេច បានធ្វើជានាយករដ្ឋមន្ដ្រី យូរជាងគេលើពិភពលោក។

សម្ដេចរៀបរាប់ថា ឥឡូវនេះ សម្ដេចធ្វើនាយករដ្ឋមន្ដ្រីជាង៣៨ឆ្នាំ ហើយចាប់ផ្ដើមធ្វើជានាយកមន្ដ្រីនៅអាយុ ៣២ឆ្នាំ បានសេចក្ដីថា ជាងពាក់កណ្ដាលជីវិតហើយ បើបូកទាំង រដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី សម្ដេច ធ្វើជាង៤៤ឆ្នាំ។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ឥឡូវយើងរកបានក្មេងៗ ដែលគេនឹងជំនួសពួកយើង គួរតែរៀបចំឲ្យពួកគេទៅ ហើយយើងនៅជាមួយគេ តែរឿងនេះ យើងបានដឹងហើយថា នៅតែពេលវេលា នៅពេលណាសមស្រប»។

បើទោះបីជាសម្ដេច ហ៊ុន សែន មិនបានលើកចំឈ្មោះថាអ្នកណាជាបេក្ខជននាយករដ្ឋមន្ដ្រីបន្ដនោះ ក៏បានដឹងហើយ ព្រោះក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបោះឆ្នោតជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខជននាយករដ្ឋមន្ត្រី៕