ខេត្តក្រុងមកពីប្រទេសចិនចំនួន ៣០បានបង្កើតសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រហូតមកដល់ពេលនេះ មានខេត្តក្រុងមកពីប្រទេសចិនចំនួន ៣០ រួចមកហើយដែលបានបង្កើតសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប តាមរយៈការចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងសេចក្តីផ្តួចផ្តើមនានាក្នុងពេលកន្លងមក។

ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ខាងលើនេះ ធ្វើឡើង ក្នុងពេលធ្វើជាតំណាងអភិបាលខេត្តសៀមរាប លោក ទៀ សីហា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមកពីខេត្តYunnan ប្រទេសចិន ដឹកនាំដោយលោកស្រី Wang Yu ប្រធានសមាគមប្រជាជនខេត្តYunnan សម្រាប់កិច្ចសហប្រតិបត្តិការបរទេសនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ។

លោកបន្តថា ក្នុងនោះចំណងទំនាក់ទំនងជាមួយខេត្តYunnan មានលក្ខណៈពិសេស និងមានផ្លែផ្កាច្រើនជាងគេ ទាំងក្រោមរូបភាពជំនួយសង្គម និងការវិនិយោគដោយផ្ទាល់មកកាន់ខេត្តសៀមរាប តួយ៉ាងដូចជាគម្រោងសាលមហោស្រពស្នាមញញឹមអង្គរ និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម ដែលសុទ្ធសឹងតែជាគម្រោងដែលមានទំហំធំ មានចរិតជាការវិនិយោគយូរអង្វែង និងបានចូលរួមបង្កើនចរន្តសេដ្ឋកិច្ចនៅក្នុងខេត្តតាមរយៈការបង្កើតការងារ និងកាលានុវត្តភាពផ្សេងៗជាច្រើនទៀត។

លោកបន្ថែមថា ដោយសារភាពអំណោយផលពីការបើកទ្វារប្រទេសឡើងវិញក្រោយពីវិបត្តិកូវីដបានធូរស្រាល ភាគីប្រតិភូខេត្តYunnan បានបង្ហាញចេតនាជំរុញការវិនិយោគ និងចំណងទំនាក់ទំនងរវាងខេត្តទាំង២ឱ្យកាន់តែសុីជម្រៅបន្ថែមទៀត និងបានស្នើសុំរដ្ឋបាលខេត្តសៀមរាបឱ្យជួយជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រុងតាលីនៃខេត្តYunnan និងក្រុងសៀមរាប អាចក្លាយជាក្រុងសម្ព័ន្ធមេត្រីភាពផងដែរ៕