ជម្លោះរវាងអាជ្ញាធរ និងអ្នកស្ទូតត្រីនៅស្ទឹងព្រែកត្នោតចប់ហើយ

ភ្នំពេញ៖ សមត្ថកិច្ចជលផលបានកោះហៅអាជ្ញាធរភូមិដូនកុក សង្កាត់បឹងធំ រាជធានីភ្នំពេញ និងអ្នកស្ទូចត្រីនៅស្ទឹងព្រែកត្នោ ដើម្បីបញ្ចប់រឿងពាក់ព័ន្ធនឹងករណីភាន់ច្រឡំ និងទទួលបានព័ត៌មានមិនច្បាស់លាស់។

ការកោះហៅ ដើម្បីបញ្ចប់រឿងនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកស្ទួចត្រីថតបង្ហោះតាមបណ្តាញសង្គម នៅពេលដែលអាជ្ញាធរចុះហាមឃាត់ពួកគេមិនឱ្យស្ទូចត្រី និងលឺដល់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គណនី Na Rith បាន ឱ្យដឹងថា នៅថ្ងៃទី២៨/០២/២៣ អាជ្ញាធរភូមិដូនកុក សង្កាត់បឹងធំ រាជធានីភ្នំពេញ បានយល់ច្រឡំថាក្រុមស្ទូចត្រីយើងខ្ញុំជាក្រុមឆក់ត្រី ហើយពួកគាត់បានរារាំងពួកក្រុមស្ទូចត្រីយើងខ្ញុំមិនឱ្យស្ទូចត្រីបាន។

គណនីដដែលបន្តថា « លុះដល់ថ្ងៃទី០១/០៣/២៣ សមត្ថកិច្ចជលផលនៅតំបន់នោះបានអញ្ជើញប្រធានភូមិនិងក្រុមអ្នកស្ទូចត្រី ដើម្បីដោះស្រាយ ក្រោយពីបានជួបនិងពិភាក្សាយល់គ្នារួចមក ក្រុមស្ទូចត្រីយើងខ្ញុំអាចស្ទូចត្រីបានដោយមិនមានការហាមទៀតទេ លើកលែងតែតំបន់ហាមឃាត់ និងតំបន់អភិរក្សជលផល»។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ព័ត៌មានច្បាស់លាស់ ជាគ្រឹះនៃទំនុកចិត្តក្នុងសង្គម៕ ដោយ៖ ពុទ្ធិពល