លោក កឹម សុខា នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ លោក កឹម សុខា មេដឹកនាំនិងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ (ស្អែកនេះ ) ដើម្បីស្តាប់ការប្រកាសសាលក្រម ក្នុងសំណុំរឿងក្តី «សន្ទិដ្ឋភាពជាមួយបរទេស» ប៉ុន្តែ ចេះតែមានមនុស្សមួយចំនួនលាបពណ៌លោក ។

លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខាបាន ឱ្យដឹងនៅថ្ងៃទី ២ ខែមីនា នេះថា លោក កឹម សុខា មេដឹកនាំអតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ ប៉ុន្តែមានក្រុមមួយចំនួនចេះតែលាបពណ៌លោកកឹម សុខា ខណៈលោក កឹម សុខា តែងតែរក្សាជំហរស្ងប់ស្ងាត់ មិនបង្កជម្លោះ អហិង្សា និងគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន ក្នុងរយៈពេល ៥ឆ្នាំ និង ០៦ខែ មកនេះ ក្នុងការតតាំងក្តីក្នុងតុលាការ ដើម្បីស្វែងរកយុត្តិធម៌ចំពោះការចោទប្រកាន់ដោយអយុត្តធម៌។

លោកបន្តថា លោក កឹម សុខា តែងតែទូន្មានដល់អ្នកគាំទ្រ និងអ្នកមានសមានចិត្តជាមួយលោក ឱ្យស្ថិតនៅឱ្យឆ្ងាយពីក្រុមណាដែលបង្កជម្លោះ បង្កអអស្ថិរភាព និងអសន្តិភាពដល់សង្គម។ ដូច្នេះ ការណ៍ដែលចោទលាបពណ៌ថាមានអ្នកនេះ ឬអ្នកនោះបង្កចលាចលក្នុងថ្ងៃប្រកាសសាលក្រម គឺជាអំពើចោទលាបពណ៌ខ្មែរគ្នាឯងដោយចេតនាទុច្ចរិត។

លោកថ្លែងថា៖« ឯកឧត្តម កឹម សុខា នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ យើងមិនគាំទ្រ និងប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាក៏ដោយ ដែលមានចេតនា ឬបំណងបង្កចលាចល ដើម្បីទម្លាក់កំហុស និងចោទប្រកាន់ដោយទុច្ចរិត តាមរបៀបស្វាស៊ីបាយលាបមាត់ពពែ»។

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់សេចក្តីសន្និដ្ឋានជាស្ថាពរលើសំណុំរឿងក្តី «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា កាលពីវេលាម៉ោង ៩ និង ១៥ នាទីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីបានបើកសវនាការលើកទី៦៣ សម្រាប់ស្តាប់សេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការ និងសហមេធាវីការពារក្តីលោក កឹម សុខា ក៏ដូចជាមេធាវីដើមបណ្តឹងដែលតំណាងរាជរដ្ឋាភិបាល ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាលដោយគិតមកដល់ពេលនេះ គឺមានរយៈពេល ៤ឆ្នាំហើយ។ បន្ទាប់មក លោក ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕ ដោយ៖ ពុទ្ធិពល