ភ្នំពេញ៖ ករណីរឹតកប្លន់យករថយន្ដព្រូសរបស់អ្នកបើកតាក់ស៊ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាបន្ដបន្ទាប់នៅថ្ងៃទី០១ មីនា ឆ្នាំ២០២៣នេះ។
ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ជនសង្ស័យទាំង២ រូបនេះ ទី១៖ ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ទី២៖ ឈ្មោះ សុខ បញ្ញា នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀតឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ១៨ឆ្នាំ ដើម្បីនាំមកកាន់នាយកដ្ឋានចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបថា កាលពីនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២៖៣០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ០៣នាក់ បានហៅរថយន្តតាក់ស៊ី តាមរយៈ (app ) របស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត អោយដឹកពួកគេទៅក្លឹប X ZOOM នៅម្ដុំផ្សារចោមចៅ។
ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏ត្រូវជនសង្ស័យចំនួន ០៣នាក់ នោះធ្វើសកម្មភាពយកខ្សែហ្វាំងកង់រឹត កជនរងគ្រោះ ប៉ុន្តែ ឈ្មោះ លាប កំសាន្ត (ជន រងគ្រោះ) បានចាប់ទាន់ក៏បានរេចង្កូតរថយន្តទៅបុកគូទរថយន្តកូរ៉េពីក្រោយ បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់ រត់គេចខ្លួនបាត់តែម្ដង៕
ដោយ៖ ពុទ្ធិពល