ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួនទៅបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា។
ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃ២ មីនា សម្ដេច ស ខេង មានប្រសាសន៍ថា «សូមអំពាវនាវ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន ដើម្បីអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សម្រាប់ជាមូលដ្ឋានអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្តទៀត។
ចំពោះប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬជិតផុតសុពលភាព ឬខូចប្រើប្រាស់មិនបាន សម្ដេច ស ខេង ណែនាំឲ្យប្រញាប់រួសរាន់ ទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបំពេញបែបបទស្នើសុំ អត្តសញ្ញាណប័ណ្ណថ្មីដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ជាឯកសារបញ្ជាក់អត្តសញ្ញាណក្នុងការបោះឆ្នោត និងសម្រាប់ប្រើប្រាស់ក្នុងការងារ ផ្ទាល់ខ្លួនផ្សេងៗទៀត។
ជាមួយគ្នានេះ សម្ដេច បានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើង និន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព ៕ ដោយ៖ រិន ចំរើន