ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ សូមប្រកបតែសេចក្តីសុខ សុភមង្គល និងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេចនៅថ្ងៃនេះ។
សម្តេច បានសរសេរថា “រីករាយថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai ២០២២។ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ ខ្ញុំនិងភរិយា សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិ ដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន”។
ទន្ទឹមនឹងការជូនពរនេះដែរ សម្តេចក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
សម្តេច បានបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សម្តេចថា “សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា”៕