ACU ឱ្យ​លោក​ឧត្ដមសេនីយ៍ឯក ច៍ន្ទ ពន្លឹក ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​សាកលវិទ្យាល័យ​ការពារជាតិ​

អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ បានទាមទារ​ឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ការពារជាតិ​ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅក្នុង​សាកលវិទ្យាល័យ​ការពារជាតិ​ ដែលជា​ប់​ពាក់ព័ន្ធ​នឹង​រូបលោក។

ការទាមទារ​នេះ​គឺធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​មួយ​នេះ​ បានទទួល​ពាក្យ​ប្តឹង​កាលពី​ថ្ងៃទី​១៨ មករា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២​។​

​បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក រង​ការចោទប្រកាន់​ជាច្រើន​ករណី​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុងពេល​បំពេញការងារ​របស់លោក​នៅក្នុង​សាកល​វិទ្យា​មួយ​នេះ​។

អំពើពុករលួយ​នោះ​រួមមាន ​៖ ការតម្រូវ​ឱ្យ​បុគ្គល​តាម​ការិយាល័យ​បង់ប្រាក់​ប្រចាំខែ ប្រចាំ​សប្តាហ៍​, បង្ខំ​ឱ្យ​និស្សិត​បង់ប្រាក់​,​តម្រូវឱ្យ​អ្នក​ព្យួរ​ឈ្មោះ​បង់ប្រាក់​, តម្រូវឱ្យ​អ្នក​សុំចូល​រៀន​បន្ត​បង់ប្រាក់​,​ការឃុបឃិត​គ្នា​លក់​រថយន្ត​រួម​ក្នុង​សាកលវិទ្យាល័យ​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន រួម​នឹង​ករណី​ផ្សេងៗ​ទៀត​ជាច្រើន​។​

ACU បាន​សង្កត់ធ្ងន់ថា ការបំភ្លឺ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក គឺជា​មូលដ្ឋាន​សម្រាប់​ស្ថាប័ន​មួយ​ពិចារណា​ថា​ត្រូវ​សម្រេច​បញ្ចប់​នីតិវិធី ឬ​ត្រូវ​បន្ត​លើ​ពាក្យ​ប្តឹង​នេះ​។ ទន្ទឹមនឹង​គ្នា​នេះ ACU ក៏​ឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ច័ន្ទ ពន្លឹក ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ករណី​ដែល​លោក​រង​ពាក្យ​ប្តឹង​នេះ​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឱ្យទាន់​ពេលវេលា​ផងដែរ​៕​