នៅចំពោះមុខសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ស្នើសុំសិក្សាពីពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត។
សំណើរនេះ ត្រូវបានសម្តេច ហ៊ុន សែន ឯកភាព និងបានឱ្យលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធ្វើការសម្របសម្រួលការងារនេះ ជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងធនធានទឹក។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេច ហ៊ុន សែន ដែលបានចុះផ្សាយនៅថ្ងៃនេះ។
ប្រភពដដែល បានបញ្ជាក់ថា ការស្នើសុំរបស់លោក Takahashi Fumaiki នេះគឺធ្វើឡើងក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី១ កុម្ភៈនេះ ។ ការស្នើរបស់លោក គឺធ្វើឡើងបន្ទាប់ពីលោកបានធ្វើការដោះស្រាយមួយចំនួនរួចហើយ ពាក់ព័ន្ធនិងបញ្ហាទឹកជំនន់ព្រែកត្នោតនេះ។
នៅក្នុងជំនួបនេះដែរ លោក Takahashi Fumaiki ក៏បានប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង។
ជាការឆ្លើយតបសម្តេច ហ៊ុន សែន បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចក៏បានណែនាំទៅដល់លោក សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្ត ជាមួយនឹងសាលារាជធានីភ្នំពេញផងដែរ៕