ពិធីបុណ្យ​ចូលឆ្នាំ​ចិន ​៖ សម្តេច ហ៊ុន សែន ជូនពរ​បងប្អូន​ខ្មែរ​កាត់​ចិន​ទាំងអស់ សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល និង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​

ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ ដែល​នឹង​មកដល់​នៅ​ថ្ងៃស្អែក​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជូនពរ​ដល់​បងប្អូន​ខ្មែរ​កាត់​ចិន​ទាំងអស់ សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល និង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​កុំបី​ខាន​។ នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់​សម្តេច​នៅថ្ងៃនេះ​។​

សម្តេច បានសរសេរថា “​រីករាយ​ថ្ងៃ​ចូលឆ្នាំ​ចិន Gong Xi Fa Cai ២០២២​។ នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ ដែល​នឹង​មកដល់​នៅ​ថ្ងៃស្អែក​នេះ ខ្ញុំ​និង​ភរិយា សូម​ជូនពរ​ដល់​បង​ប្អូន​ខ្មែរ​កាត់​ចិន​ទាំងអស់ និង​ជនរួមជាតិ ​ដែល​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល ព្រមទាំង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​កុំបី​ខាន​”​។​

​ទន្ទឹមនឹង​ការជូន​ពរ​នេះដែរ សម្តេច​ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាស​សែន ធូប និង​ទៀន ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង ដែល​ធ្វើ​ឲ្យ​រំខាន​ក្នុង​ថ្ងៃ​ចូលឆ្នាំ ព្រោះតែ​ការ​ធ្វេសប្រហែស​។​

​សម្តេច បាន​បន្តថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះដែរ ក៏មាន​បងប្អូន​មួយចំនួន​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​។ សម្តេច​ថា “​សូម​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ កុំ​ផឹក​ស្រវឹង​ក្នុងពេល​បើកបរ ត្រូវមាន​ការយោគយល់​គ្នា និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ទោះបី​បើកបរ​ជិត​ឬ​ឆ្ងាយ ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ទាំងអស់គ្នា​”៕​