សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណៈថា សម្តេច បានទួលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ថា បន្ទាប់ពីសម្តេចដកខ្លួនទៅ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច នឹងដឹកនាំបន្តទៀត។
ថ្លែងក្នុងពិធីសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃចន្ទនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា “អញ្ចឹងកាលដែលខ្ញុំ នាំកូនទៅដើម្បីទូលថ្វាយ ហើយខ្ញុំនិយាយឱ្យត្រង់ទៅក៏ដើម្បីបញ្ជាក់ថ្វាយព្រះអង្គដែរថា ថ្ងៃក្រោយទួលព្រះបង្គំដកខ្លួនហើយឱ្យកូនបន្តទៅ”។
ការប្រកាសរបស់សម្តេចបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា លោក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រជាមួយសម្តេចនៅព្រះបរមរាជវាំងកាលពីពេលថ្មីៗនេះ ដូចជាមិនសម។
ពួកគេលើកឡើងថា ជាមេបញ្ជាការកងទ័ពជើងគោកគ្មានភារកិច្ចអ្វីត្រូវទៅរាយការណ៍ថ្វាយព្រះមហាក្សត្រនោះទេ ហើយបើនាំទៅឱ្យព្រះមហាក្សត្រស្គាល់ពីបេក្ខភាពនាយករដ្ឋមន្ត្រីក៏រឹតតែខុសទៅទៀត ដោយសារតែរូបលោកត្រូវបានមេដឹកនាំវៀតណាម និងមីយ៉ាន់ម៉ាស្គាល់មុនរួចហើយនោះ។
សម្តេច បានបន្តថា លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងកូវីដ១៩នេះ លោកបានខិតខំយ៉ាងខ្លាំងដើម្បីការពារព្រះបរមរាជវាំងដោយរៀបចំយ៉ាងណាឱ្យព្រះបរមរាជវាំងមានសុវត្ថិភាព។
សូមរម្លឹកជូនថា លោក ហ៊ុន ម៉ាណែត ដែលត្រូវជាកូនច្បងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា គាំទ្រសម្រាប់ការជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតជាផ្លូវការហើយ។ ការសម្រេចគាំទ្រនេះ បានធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕