សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វិធីការពារដើម្បីធានាថាកម្ពុជាមិនថយក្រោយក្នុងការបើកសេដ្ឋកិច្ចសង្គមរបស់ខ្លួនឡើងវិញបន្ទាប់ពីជួបវិបត្តិកូវីដ១៩ធ្ងន់ធ្ងរក្នុងរយៈពេលកន្លងមកនេះ នោះគឺវ៉ាក់សាំងគឺត្រូវទទួលតាមការកំណត់។ សម្តេច ថា ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទាំងពីរដូសរួចហើយ ត្រូវបន្ថែមដូសជំរុញទៀត។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាវ៉ាក់សាំងនេះ បច្ចុប្បន្នរដ្ឋាភិបាលចិនបានផ្តល់ឱ្យកម្ពុជា៥លានដូសបន្ថែមទៀត ហើយកម្ពុជាខ្លួនឯងក៏បានបញ្ជាទិញចំនួន៣លានដូសទៀតដែលសរុបទាំងអស់ចំនួន៨លានដូស ហើយវ៉ាក់សាំងទាំងនេះនឹងដឹកមកដល់កម្ពុជានៅក្នុងឆមាសទីមួយនេះ។
សម្តេច បានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាក់សាំងដូសទីបីប្រមាណជិត៦លាននាក់។ ដូច្នេះនៅពេលដែលពេលវេលាមកដល់ត្រូវតែចាក់ដូសទីបីឱ្យអស់ ចំណែកការចាក់ដូសទីបួនគឺត្រូវធ្វើទៅលើមន្ត្រីជួរមុខ ដែលកម្ពុជាកំពុងដំណើរនៅទីក្រុងភ្នំពេញ។
យោងតាមក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ គឺប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
ដោយឡែក កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់, កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ហើយកុមារអាយុ ០៥ឆ្នាំ មាន ១០៦,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
ក្រសួង បានបន្តថា លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,៧០% ៕