ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងទាំងអស់នៃសារព័ត៌មានខ្មែរឈានមុខ សូមសម្តែងការអបអរសាទរ និងសូមជូនពរសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលសម្តេចត្រូវបានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ សម្រេចជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ពិធីប្រគល់នេះគឺត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ការសម្រេចជ្រើសរើសសម្តេចតេជោ ហ៊ុន សែន ជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នេះ គឺកាន់តែធ្វើឱ្យពិភពលោកបានស្គាល់ពីកម្ពុជា ជាពិសេសការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងដឹកនាំកម្ពុជាពីប្រទេសដែលមានសង្រ្គាមរ៉ាំរ៉ៃមកជាប្រទេសដែលមានការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគំរូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ពាន់រង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។
ក្នុងនាមជាថ្នាក់ដឹកនាំនិងគណៈគ្រប់គ្រងសារព័ត៌មានខ្មែរឈានមុខទាំងអស់សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូម សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕