អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បានប្រកាសពីការរកឃើញមន្រ្តីរបស់ខ្លួនបានប្រព្រឹត្តនូវអំពើពុករលួយ ខណៈដែលរូបគេកំពុងបំពេញតួនាទីភារកិច្ចនេះ។ ជនសង្ស័យរូបនេះ មានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ មន្រ្តីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២២។
យោងតាមប្រភពដដែលនេះ បានបញ្ជាក់ថា “ជនរូបនេះបានជាប់សង្ស័យបានប្រព្រឹត្តិល្មើសបទប្បញ្ញត្តិក្នុងមាត្រា ៥៩២ (បទវីតិក្រម) នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ”។
ការរកឃើញថាឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រព្រឹត្តបទល្មើសនេះ គឺបន្ទាប់ពីក្រុមស៊ើបអង្កេតផ្ទៃក្នុងនៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាង ជាបន្តបន្ទាប់ ព្រមទាំងស្តាប់ចម្លើយរបស់បុគ្គលិករួចមក។ នេះបើតាមការបញ្ជាក់របស់ ACU ។
ACU បានបញ្ជាក់ថា “ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានាក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវពិនិត្យពាក្យប្តឹងដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តីក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យបណ្តឹងដែលខ្លួនមិនទទួលបន្តទៀតផង”។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ACU លើកទឹកចិត្តដល់សាធារណៈជនចូលរួមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្រ្តីអង្គភាពដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ។
សូមជម្រាបជូនថា ជនសង្ស័យ ទូច ទិត្យវឌ្ឍនា ត្រូវបានអង្គភាពប្រឆាំងអំពើពុលរលួយសម្រេចបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២២ ដើម្បីបន្តនីតិវិធីច្បាប់៕