ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃចន្ទ ទី៣១ មករានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចចេះតែឆ្ងល់ចំពោះការលើកឡើងរបស់មនុស្សមួយចំនួន ដែលថាកម្ពុជាធ្វើទៅចេះតែក្រទៅៗ ខណៈដែលបច្ចុប្បន្នជាក់ស្តែងសម្រាប់រាជធានីភ្នំពេញតែមួយឃើញថា ការអភិវឌ្ឍកំពុងដំណើរការយ៉ាងសកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន អគារខ្ពស់ៗ តម្លៃដីឡើងថ្លៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង។
សម្តេច បានបន្តថា ត្រង់ថាកាលពីដើមរាជធានីភ្នំពេញចាប់ពីមុខព្រះបរមរាជវាំងមកគឺសុទ្ធតែដើមត្រែងទាំងអស់ ហើយតំបន់នេះមានទឹកលេចនិងមានដើមត្រែងផង។ ប៉ុន្តែបច្ចុប្បន្នការខិតខំប្រឹងប្រែងអភិវឌ្ឍន៍បានធ្វើឱ្យទៅរាជធានីភ្នំពេញក្លាយជាទីក្រុងដូចគេដូចឯងនោះដែរ។
សម្តេច សង្ឃឹមថា ពលរដ្ឋកម្ពុជានឹងទទួលបាននូវការអភិវឌ្ឍទាំងអស់នេះ។ សម្តេច ថា ពិតមែនហើយវាមិនដែលប្រជាពលរដ្ឋទាំងអស់គ្នាសុទ្ធតែមានផ្ទះនៅល្អៗទាំងអស់គ្នានោះទេ វាមានអ្នកមាន មានអ្នកក្រ នៅលើពិភពលោកនេះ ហើយវាមិនដែលមានប្រទេសណាមានទាំងអស់គ្នានោះទេ។
សម្តេច បញ្ជាក់ថា មានរបបតែមួយគត់ដែលគេអាចធ្វើបាន ដែលប្រទេសដទៃធ្វើមិនបានហើយត្រង់គេធ្វើឱ្យស្មើៗភាពគ្នានោះ គឺរបបប៉ុលពត។ ប៉ុន្តែសម្តេច ថា របបប៉ុលពតមិនមែនធ្វើឱ្យស្មើភាពនោះទេ គឺធ្វើឱ្យក្រស្មើគ្នា។
សម្តេច បានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងបោះជំហានទៅមុខ អ្នកមានច្រើនក៏មានច្រើន អ្នកមានល្មម ក៏មានល្មមទៅ អ្នកក្រក៏នៅសល់។ ប៉ុន្តែអ្វីដែលត្រូវធ្វើនោះគឺការខិតខំដើម្បីជំរុញឱ្យអ្នកក្រីក្ររបស់យើងមានជីវភាពធូរធារ៕