ធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា ADB ប្រកាសពីការសម្រេចអនុម័តផ្តល់ជំនួយសរុប ៦,៨លានដុល្លារ ដល់កម្ពុជា។ ជំនួយនេះ គឺនឹងជួយកម្ពុជាដើម្បីស្តារវិស័យទេសចរណ៍ លើកស្ទួយគុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នោះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នមួយនេះ នៅថ្ងៃទី៣១ មករា ឆ្នាំ២០២២នេះ។
ប្រភពដដែល បានបញ្ជាក់ថា កញ្ចប់ទឹកប្រាក់ ៣,៧លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍ចំនួន ៤ពាន់នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញពីកូវីដ១៩ ដែលវាគ្រប់ដណ្តប់តំបន់ក្បែរប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទភ្នំដា ក្នុងខេត្តតាកែវ។
ដោយឡែកកញ្ចប់ជំនួយ ៣,៩ លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ២២.០០០នាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវៃង។
នាយកស្តីទី ធានាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា លោក Anthony Gill បានបញ្ជាក់ថា “កញ្ចប់ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩”។
សូមជម្រាបជូនថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕