ប្រមុខ​បក្ស​កាន់អំណាច​៖ “​គ្មាន​ពេលណា ដែល​គណបក្ស​ប្រជាជន, ប្រជាជន​កម្ពុជា ដែល​បាន​រស់រានមានជីវិត​ដោយសារ​ថ្ងៃ​៧​មករា បំភ្លេច​ថ្ងៃ​៧​មករា​នោះទេ​”

ប្រមុខ​ដឹកនាំ​បក្ស​កាន់អំណាច សម្តេច ហ៊ុន សែន បានប្រកាសថា គ្មាន​ពេលណា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា, ប្រជាជន​កម្ពុជា ដែល​បាន​រស់រានមានជីវិត​ដោយសារ​ថ្ងៃ​៧​មករា​ហើយ​បំភ្លេច​ថ្ងៃ​៧​មករា​នោះទេ​។ សម្តេច បាន​សង្កត់ធ្ងន់ថា​ ”​​ទោះ​៧​មករា ទោះបី​វៀតណាម​មកជួយ​។ ប៉ុន្តែ​ជា​ជីវិត​របស់​ប្រជាជន​កម្ពុជា​”​។​

ការប្រកាស​របស់​សម្តេច​បែបនេះ បន្ទាប់ពី​ក្រុមអ្នកវិភាគ​មួយចំនួន​ជាពិសេស​អ្នកវិភាគ​ក្រៅប្រទេស​ចាត់ទុក​ការខកខាន​រៀបចំ​ពិធី​រម្លឹក​ខួប​ថ្ងៃ​៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងទៅនេះ គឺជា​យុទ្ធសាស្ត្រ​នៃ​ការដកថយ​ពី​ឥទ្ធិពល​របស់​វៀតណាម​មកលើ​កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រមុខ​បក្ស​កាន់អំណាច បានបញ្ជាក់​ច្បាស់ៗ​ថា ’៧​មករា គឺជា​ក្បាល​របស់​យើងទាំងអស់គ្នា ក្បាល​របស់​មនុស្ស​ខ្មែរ​ទាំងអស់គ្នា ទោះបី​អ្នកឯង​មិន​ស្គាល់​ក៏​រឿង​របស់​អ្នកឯង ក៏ប៉ុន្តែ​គ្មាន​ពេលណា ​ដែល​គណបក្ស​ប្រជាជន​បោះបង់ចោល​ថ្ងៃ​៧​មករា​នោះទេ​”​។​

​បន្ថែម​ពីនេះ សម្តេច ហ៊ុន សែន ក៏​ពន្យល់​ពី​ហេតុផល​មួយចំនួន​ ដែល​បក្ស​មិន​រៀបចំ​ពិធី​រម្លឹក​ខួប​ថ្ងៃ​៧​មករា កាលពីពេល​កន្លងទៅនេះ ក្រោម​ហេតុផល​ថា​ គឺជា​ការ​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ដែល​កម្ពុជា​ក៏ដូចជា​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​។ សម្តេច ថា បើ​ពិធី​រៀបចំឡើង​មានការ​ចូលរួម​ដោយ​មនុស្ស​តិច​ពេក​វា​មិនជា​រឿង​សមរម្យ ហើយ​បើ​ចូលរួម​ច្រើនពេក​ក៏​មិនកើត​។​

​សម្តេច បាន​បន្ថែមថា គ្មាន​ពេលណា​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ បោះបង់ចោល​នូវ​អ្វីមួយ​ដែលជា​សមិទ្ធផល​ចម្បង​របស់ខ្លួន​នោះទេ​។

សម្រាប់​សម្តេច ការវិភាគ​របស់​អ្នកវិភាគ​ស្ទើរភ្លើង​បែបនេះ​គួរ​ត្រូវបាន​សិក្សា​ឱ្យបាន​ច្បាស់​ថា​។ សម្តេច ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រសិនបើ​បោះបង់ចោល​ថ្ងៃ​៧​មករា មានន័យថា​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​បានធ្វើ​អ្វី​ទាំងអស់​៕​