ភ្នំពេញ៖ ក្រសួងកិច្ចការនារីលើកទឹកចិត្ត ឱ្យអតីតអ្នកសារព័ត៌មានជាស្ត្រីម្នាក់ដែលត្រូវបាន លោកផែង វណ្ណៈ ប្រមាថយ៉ាងធ្ងន់ធ្ងរជុំវិញការផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់រាជរដ្ឋាភិបាល និង លោក ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ឱ្យស្វែងរកប្រព័ន្ធច្បាប់ ឬអាជ្ញាធរដែលនៅជិតបំផុត ដើម្បីស្នើសុំឱ្យជួយដោះស្រាយ បើគិតថាខ្លូនជាជនរងគ្រោះ។
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មាន KHMER CM កាលពីថ្ងៃទី ១៤ ខែកុម្ភៈ លោក ស្រី ស ស្រីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារីថ្លែងថា លោកស្រី មិនបានស្ថិតនៅកន្លែងកើតហេតុនោះទេ ប៉ុន្តែ បើដូចអ្វីដែលព័ត៌មានបានចុះផ្សាយពិតប្រកដមែន ជនរងគ្រោះមានសិទ្ធិស្វែងរកជំនួយ ឬក៏ស្វែងកិច្ចអន្តរាគមន៍ផ្សេងៗ ទៅតាមផ្លូវច្បាប់។
លោកស្រីថ្លែងថា៖ «ខ្ញុំអត់បាននៅក្នុងហេតុការណ៍ហ្នឹងនោះទេ ។ ដូចខ្ញុំនិយាយអីចឹង ជនរងគ្រោះ គឺមានសិទ្ធិក្នុងការស្វែងរកជំនួយ ឱ្យតែជនរគ្រោះ ឱ្យតែគាត់គិតថា គាត់ទទួលរងនូវភាពអយុត្តិធម៌ ។ គាត់អាចស្វែងកជំនួយទៅអាជ្ញាធរដែលនៅជិតខ្លួនគាត់បំផុត ដែលគាត់រស់នៅ »។
អង្គការ-សមាគមចំនួន ៤៥ កាលពី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានចេញលិខិតចំហគោរពជូនចំពោះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណយ៍ និងទូរគមនាគមន៍ ស្នើសុំឱ្យមានចំណាត់ការទៅលើលោក ផែង វណ្ណៈ ដែលជាម្ចាស់គេហទំព័រ Pheng Vannak News ចំពោះ ការប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។
លោក ផែង វណ្ណៈ បានចាត់ទុកសេចក្ដីថ្លែងការណ៍បរបស់អង្គការសង្គមស៊ីវិល ថា គ្មានតម្លៃសម្រាប់កម្ពុជា ហេីយក៏គ្មានតម្លៃសម្រាប់លោក ធ្វើការសុំទោសដែរ ។
លោកថា ការបិទវិទ្យុ VOD គឺបានធ្វេីឡេីងដូចគ្នានឹងការបិទអង្គភាពសារព័ត៌មាន Pheng Vannak News អង្គភាពសារព័ត៌មានរបស់លោក ព្រំ សាន្ត អង្គភាព សារព័ត៌មានរបស់លោក សុវណ្ណ រឹទ្ធី អង្គភាពសារព័ត៌មាន របស់ K01 អង្គភាពសារព័ត៌មាន របស់ លោក សាន ប៊ុនធឿន ។ ល ។ ដែលរំលោភវិជ្ជាជីវៈធ្ងន់ធ្ងរ និងផ្សាយប៉ះពាល់ដល់សន្តិសុខជាតិ និង សណ្ដាប់ធ្នាប់សង្គម ។ ការបិទនេះ គឺដេីម្បីពង្រឹងសមត្ថភាពរបស់ អ្នកសារព័ត៌មាន អោយចេះគោរពវិជ្ជាជីវៈ គោរពច្បាប់ ៕