ចិន គាំទ្រគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា ក្រោយផ្ដល់ជិត៤៤លានដុល្លារ ដោះស្រាយផលប៉ះពាល់

ភ្នំពេញ ៖ មិត្តដែកថែបចិន បានប្រកាសគាំទ្រដល់គម្រោងស្តារឡើងវិញនូវផ្លូវដែកល្បឿលឿននៅកម្ពុជា ដោយភាគីចិនផ្ដល់ថវិកា៣០០លានយ័ន(ជិត៤៤លានដុល្លារ) ដើម្បីយកមកសិក្សា ឬដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ។

ការផ្តល់ថវិកានេះ បានធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅចិននាថ្ងៃ៩ កុម្ភៈ ។ សម្រាប់ដំណើរទស្សនកិច្ច២ថ្ងៃនៅចិនចាប់ពីថ្ងៃ៨-១០កុម្ភៈ សម្តេចបានជួបប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ព្រមទាំងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជារបស់ចិនផងដែរ។ គម្រោងស្តារឡើងវិញនូវផ្លូវដែកល្បឿនលឿននេះ នឹងតភ្ជាប់ពីកម្ពុជាទៅប្រទេសក្បែខាងមួយចំនួន ហើយនឆងឈានឆ្ពោះទៅចិនផងដែរ ។

ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ នាថ្ងៃ១៥ កុម្ភៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថារំលឹកថា «ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រធានាធិបតីចិន ស៊ី ជីនពីង លោកអ្នកលើកឡើង។ សម្ដេចមិនទាន់បានលើកទេ ប៉ុន្ដែប្រធានាធិបតីចិន ស៊ី ជីនពីង លើកមុនថា យើងខ្ញុំគាំទ្រផ្លូវដែកល្បឿនលឿននៅកម្ពុជាតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ តភ្ជាប់ទៅចិន ហើយផ្ដល់ថវិកា៣០០លានយ័ន ដើម្បីយកមកចាត់ការ មកសិក្សា ឬដោះស្រាយផលប៉ះពាល់ប្រជារាស្ដ្រ នៅតាមដងផ្លូវដែកភ្នំពេញ ទៅប៉ោយប៉ែតថែមទៀត»។

លោកទេសរដ្ឋមន្ដ្រីឲ្យដឹងទៀតថា ថវិកា៣០០លានយ័ននេះ សម្ដេចតេជោ មិនបានស្នើសុំឡើយ គឺមិត្តចិនផ្ដល់ឲ្យតែម្ដង។ លោកក៏បានជំរុក្រុមការងារសិក្សាគ្រោងផ្លូវដែកនេះ ទាំងខាងជើង និងខាងត្បូង៕ ដោយ៖ រិន ចំរើន