ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤:៥៥នាទី កម្លាំងជំនាញនាយកដ្ឋានដឹកនាំដោយ លោកឧ.ត្រី ខេង ម៉េងឈាង និងលោកឧ.ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២២ឆ្នាំ នៅត្រង់ចំណុចភូមិដេីមអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ពាក់ព័ន្ធករណីឃាតកម្ម (ចាក់សម្លាប់មនុស្ស) បណ្តាលឱ្យជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
គួររំលឹកដែរថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី ត្រង់ចំណុចភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណី ឃាតកម្ម(ចាក់សម្លាប់មនុស្ស) ដែលបង្កដោយជនសង្ស័យឈ្មោះ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លេីជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក ។
បច្ចុប្បន្នជនសង្ស័យខាងលេីបាននាំមកកាន់នាយកដ្ឋាន ដេីម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកោះកុង ចាត់ការបន្តតាមនីតិវិធី។