ភ្នំពេញ៖ សៀវភៅ សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាស្នាដៃរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានបង្ហាញកាន់តែច្បាស់អំពីភក្ដីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ និង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស និងយល់កាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះជីវិតប្រជាជន ការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃជំងឺកូវីដ-១៩ ហើយលោកអ្នកនឹងនឹកឃើញនូវអនុស្សាវរីយ៍របស់ខ្លួនដែលបានឆ្លងកាត់ដ៏ញាប់ញ័រក្នុងពេលបិទខ្ទប់ និងការបែងចែកតំបន់ក្រហម តំបន់លឿង និងលឿងទុំ។
វគ្គ៨ «ការផ្អាកពិធីសាសនា និងប្រពៃណី»
ដោយដឹង និងជឿយ៉ាងច្បាស់ថាប្រជាពលរដ្ឋ គឺជាអ្នកគោរពប្រណិបត្តិសាសនា និងប្រពៃរបស់ខ្លួនយ៉ាងខ្ជាប់ខ្លួន ប៉ុន្តែដើម្បីសុខុមាលភាពប្រជាជនទូទាំងប្រទេសក្នុងអំឡុង និងដើម្បីបញ្ចៀសហានីភ័យដែលកាន់តែធ្ងន់ធ្ងរទៅៗនៃការរាតត្បាតជំងឺកូវីដ-១៩ ទាំងមុន និងក្រោយព្រឹត្តិការណ៍ ២០កុម្ភៈ សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសឱ្យផ្អាកការជួបជុំ និងអាពាហ៍ពិពាហ៍ទាំងស្រុងរយៈពេលពីរសប្ដាហ៍ ជាលើកដំបូងសម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប។
តាមរយៈសារជាសំឡេងក្រោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដោយមានតម្រូវការចាំបាច់ និងមានសំណូមពរពីក្រសួងសុខាភិបាល ក៏ដូចជាការផ្តល់យោបល់ពីអង្គការសុខភាពពិភពលោកដែលតម្រូវឱ្យមានការយកវិធានការបន្ថែមសម្រាប់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺសុំផ្អាកការជួបជុំ ដែលមានមនុស្សចូលរួមច្រើន រាប់ទាំងពិធីរៀបអាពាហ៍ពិពាហ៍ផង។ ការផ្លាកគឺមានរយៈ ពេល១៥ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្រោយមក បន្ទាប់ពីការផ្ទុះ នូវព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ចំនួន២ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូរីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើជាថ្មីទៀតដល់ប្រជាពលរដ្ឋ ដែលត្រៀមបម្រុង ឬប្រុងជើងការថា នឹងរៀបអាពាហ៍ពិពាហ៍ ត្រូវពន្យារពេលសិន ប្រសិនបើអាចពន្យារបាន ប៉ុន្តែ ប្រសិនបើមិនអាចពន្យារបានទេ គួរកាត់មួយចំនួនមនុស្សដែលត្រូវមកចូលរួម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកាន់ក្រសួងស្ថាប័ននានាដែរថា ត្រូវពន្យារពេលប្រជុំ ហើយបើមិនអាចពន្យារកិច្ចប្រជុំបាន ក៏ត្រូវធ្វើតាមអនឡាញ។ ប៉ុន្តែសម្ដេចមិនបិទសកម្មភាពជាសេដ្ឋកិច្ចនោះទេ ដូចជា រោងចក្រ ក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា ដែលត្រូវតែរក្សាគម្លាតសុវត្ថិភាព។ សម្តេចតេជោ ក៏បានអំពាវនាវថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ដែលរងផលប៉ះពាល់ពីការឆ្លងកូវីដ-១៩ ត្រូវទៅយកសំណាកនិងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត សម្ដេចតេជោ បានប្រកាសអង្វរករដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ ហើយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា កុំឡើងមកកាន់រាជធានីភ្នំពេញចៀសវាងការកកស្ទះចរាចរណ៍ដែលជាមូលហេតុមួយក្នុងការចម្លងជំងឺកូវីដ-១៩ ព្រោះពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនបានថមថយនោះទេ។ ប្រជាពលរដ្ឋដែលគោរពច្បាប់រដ្ឋបានអនុវត្តបានយ៉ាងល្អចំពោះសេចក្តីអំពាវនាវនេះ។
ប៉ុន្មានថ្ងៃក្រោយមកទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការផ្អាក ឬកាត់បន្ថយចំនួនមនុស្ស ឬពន្យារពេល ការរៀបអាពាហ៍ពិពាហ៍។ សម្តេចតេជោមានប្រសាសន៍បន្តថា សភាពការណ៍ពេលនេះ ទាមទារឱ្យមានការប្រុងប្រយ័ត្នលើសមុន ហើយអ្វីដែលមិនចាំបាច់ ឬមិនទាន់ចាំបាច់ និងអាចពន្យារ ឬផ្អាកបានគប្បីត្រូវតែពន្យារ ឬត្រូវតែផ្អាក ហើយរង់ចាំធ្វើនៅពេលក្រោយក៏មិនទាន់យឺតពេលដែរ។ សម្ដេចតេជោលើកឡើងថា ពិធីមង្គលការដែលគ្រោងរៀបចំ៣០តុ គួររៀបចំតែ២គ្រួសារទាំងសងខាងជាង៣តុ គឺប្រសើរជាងការ ប្រើច្បាប់បិទខេត្ត ឬបិទប្រទេសក្នុងគ្រាមានអាសន្ន។ សម្តេច ក៏បានចេញបញ្ជានិងអំពាវនាវដល់ក្រសួងស្ថាប័នរបស់រដ្ឋ ស្ថាប័ននីតិបញ្ញត្តិ ត្រូវផ្អាកជាបណ្ដោះអាសន្ន នូវស្ថាប័នរបស់ខ្លួន ដោយទុកតែអ្នកធ្វើការបន្តិចបន្តួចប៉ុណ្ណោះ។
មួយសប្តាហ៍ក្រោយមក នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២១ ដោយសារកូវីដ-១៩ មិនថមថយ ហើយកាន់តែធ្ងន់ធ្ងរតាមរយៈសារសំឡេង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យអភិបាលរាជធានី ខេត្ត ពិចារណាពីបិទទាំងស្រុង ឬផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ និងពិធីជួបជុំទាំងអស់ព្រោះជាទូទៅក្នុងដំណាក់កាលកូវីដ-១៩ ពិធីអាពាហ៍ពិពាហ៍ តែងតែបង្កហានីភ័យ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កន្លងមកសម្តេចបានផ្ដល់សិទ្ធិនិងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើក នូវសកម្មភាពសង្គមផ្សេងៗ ក្នុងភូមិសាស្ត្ររបស់ខ្លួន។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពី នៅខេត្តតាកែវ និងខេត្តកំពង់ចាម កំពត មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ទៅចូលរួមក្នុងពិធីមង្គលការ នាំឱ្យមានផលប៉ះពាល់កា ន់តែខ្លាំង ដោយបុគ្គលខ្លះបានលួចទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ដោយគេចវេះ មិនធ្វើចត្តាឡីស័ក។ ចំណែកម្ចាស់កម្មវិធី ក៏មិនបានអនុវត្តវិធានសុខាភិបាល ដូចជាធ្វើតេស្តរកមេរោគកូរីដ-១៩ឬបាញ់អាល់កុលមុនពេលជួបជុំ រក្សាគម្លាតសុវត្ថិភាព ឬតម្រូវឱ្យភ្ញៀវដែលមកចូលរួមពាក់ម៉ាស ឬកំណត់ចំនួនតិចតួចនោះឡើយ។
ប្រមាណ៨ខែក្រោយមក នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់កុមារអាយុ៦ឆ្នាំឡើងក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពីអាយុ៥ឆ្នាំ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនអនុញ្ញាតឱ្យរៀបចំកម្មវិធីជួបជុំដែលមានលក្ខណៈជាទ្រង់ទ្រាយធំប៉ុណ្ណោះ កូនក្មួយអាចរៀបការតាមធម្មតាចុះរាជរដ្ឋាភិបាលមិនបានហាមឃាត់ទេ គ្រាន់តពីមុនធ្វើពិធីមានមនុស្សរាប់រយពាន់នាក់ ឬរាប់រយតុ ប៉ុន្តែ អាចងាកមករៀបចំត្រឹមតែមនុស្សក្រោម៥០នាក់ និងមានការរក្សានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល។ ដោយសារកូវីដ-១៩ ហាក់ថមថយគួរឱ្យកត់សម្គាល់ និងរីករាយ នៅថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២១ ដដែល សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ។
មួយសប្ដាហ៍ក្រោយមក ដើម្បីសម្រួលដល់ការប្រាព្ធពិធី សម្តេច ហ៊ុន សែន បានសម្រេចដាក់ចេញនូវការកែសម្រួលថ្មីលើការជួបជុំ ឬរៀបអាពាហ៍ពិពាហ៍របស់ ប្រជាពលរដ្ឋដោយមង្គលការមួយអនុញ្ញាតឱ្យមានមនុស្សចូលរួម យ៉ាងតិច២០០ នាក់ ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវាផ្សេងៗ ដូចជាក្រុមចុងភៅ ក្រុមភ្នួង និងភ្លេងប្រពៃណី។ បួនថ្ងៃក្រោយមកទៀត ដោយយល់ឃើញថា ការឆ្លង ឬការរាតត្បាត់ជំងឺកូវីដ-១៩ កាន់តថមថយទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រកាសឱ្យមានការជួបជុំគ្នាគ្រប់ទម្រង់ឡើងវិញរួមទាំងការជួបជុំរបស់គណបក្សនយោបាយផង។
សម្ដេចបាន ប្រកាសជាចំហ ដោយបើកកាន់តែទូលាយជាងមុនថា ការរៀបចំពិធីផ្សេងៗ គឺ អាស្រ័យទៅលើទីតាំងតូចឬធំ ឬតាមសមត្ថភាពរបស់ម្ចាស់កម្មវិធីដែលអាចធ្វើទៅបាន ដោយចាំបាច់គឺរក្សាគម្លាតតាមវិធានសុខាភិបាល ព្រោះប្រសិនបើកំណត់២រយនាក់ស្មើៗគ្នា គឺមិនស្របទៅនឹងទីកន្លែង និងពិបាកអនុវត្ត។ ដូច្នេះ បងប្អូនជនរួម ជាតិ អាចសម្រេចទៅតាមទីកន្លែងតូច ឬធំដែលអាចរក្សាគម្លាតបានល្អ។ ប៉ុន្តែសម្ដេច នៅបានក្រើនរម្លឹកថា ទាំងម្ចាស់កម្មវិធី និងអ្នកចូលរួមក្នុងពិធីត្រូវគោរពឱ្យបាន ហ្មត់ចត់ និងត្រឹមត្រូវតាមវិធានសុខាលភិបាល និងការណែនាំរបស់អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដែរថា ម្ចាស់កម្មវិធីគួរតែអញ្ជើញចំពោះបុគ្គលណា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន២ដូសរួចរាល់ ប៉ុន្តែសម្រាប់អ្នកដែល គេចវេះមិនចាក់វ៉ាក់សាំង មិនគប្បីមានការលើកទឹកចិត្តឱ្យចូលរួមនៅក្នុងកម្មវិធីជួបជុំឬអាពាហ៍ពិពាហ៍នោះទេ ព្រោះអាចជាភ្នាក់ងារចម្លងក្នុងអាពាហ៍ពិពាហ៍លើកលែងតែបុគ្គលដែលមិនបានចាក់វ៉ាក់សាំង ដោយមានការហាមឃាត់ពីគ្រូពេទ្យលើអំណោយផល ឬហេតុផលសុខភាពជាក់លាក់៕
ដោយ៖ គង់ សេដ្ឋាមុនី