ភ្នំពេញ៖ សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»ជាស្នាដៃនិពន្ធរបស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យជាង៨ឆ្នាំ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមក ទើបនឹងបានចេញផ្សាយជាសាធារណៈនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនបានដឹងពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត។ សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិតផងដែរ។
វគ្គ៩«ការគោរពប្រណិប័តន៍ចំពោះព្រះមហាក្សត្រ»
ប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា បានកត់ត្រាទុកថា របបរាជានិយម ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអ្នកនយោបាយ និងមេដឹកនាំខ្មែរ រំលាយចោលចំនួនពីរលើក ប៉ុន្តែ ត្រូវបានសង្រ្គោះឱ្យមានជីពជន្មឡើងវិញ នៅឆ្នាំ១៩៩៣ ដោយគណបក្សប្រជាជនកម្ពុជា និងសម្តេច ហ៊ុន សែន ដែលត្រូវជាឪពុកដ៏មានគុណធម៌របស់លោក ម៉ាណែត។ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោក លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុត្ថិសិរីមតៈ រំលាយរបបរាជានិយមដែលមានអាយុកាលជិត២ពាន់ឆ្នាំចោល។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ជាមនុស្សនៃរាជវង្ស ពូជពង្សមកពីសែព្រះបាទសិរីសុវត្ថិ ឬស៊ីសុវត្ថិ។ ព្រះបាទសិរីសុវត្ថិ ឬស៊ីសុវត្ថិ ជាព្រះអានុជ មាតាទីទៃ នៃព្រះបាទនរោត្តម និងរួមបិតា ព្រះបាទអង្គដួង។
លោក លន់ នល់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ និងអន្តរការីរបស់លោក បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ បានសម្រេចបង្កើតរបបសាធារណរដ្ឋខ្មែរ តាមទម្រង់រដ្ឋ នៃសហរដ្ឋអាម៉េរិក ព្រោះរដ្ឋបាលលោក លន់ នល់ មានជីវិតអាចរស់បានគឺដោយសារជំនួយពីសហរដ្ឋអាម៉េរិកជាធំ។
ក្រោយពីរបបសាធារណរដ្ឋខ្មែរ របស់លោក លន់ នល់ ដួលរលំទៅនៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហម ប៉ុល ពត បានបន្តការរំលាយរបបរាជានិយមនេះចោលទៀត ទោះបីពេលកំពុងតស៊ូប្រយុទ្ធជាមួយពួកសាធារណរដ្ឋខ្មែរ ប៉ុល ពត និងមេដឹកនាំខ្មែរក្រហមដទៃទៀត បានយកព្រះនាមព្រះបាទ នរោត្តម សីហនុ ប្រើប្រាស់ដើម្បីបោកបញ្ឆោតប្រជាជនក្តី។ ពួកមេដឹកនាំខ្មែរក្រហម មានប៉ុល ពត អៀង សារី នួន ជា ខៀវ សំផន និងសុន សេន មិនត្រឹមតែរំលាយរបបរាជានិយម មិនឱ្យមានស្តេចឡើងវិញទេ ថែមទាំងចាប់ព្រះបាទ នរោត្តមសីហនុ អ្នកម្នាងម៉ូនិក (សម្តេច ម៉ែ) ឃុំព្រះកាយឱ្យគង់នៅតែក្នុងព្រះបរមរាជវាំង ដោយមានឆ្មាំ ឬឈ្លបក្នុងសម្លៀកបំពាក់ខ្មៅនៅយាមពីក្រៅទៀតផង។
ក្រៅពីនេះ ព្រះញាតិវង្សរបស់ព្រះអង្គ ត្រូវបានបង្ខំឱ្យធ្វើការដូចរាស្រ្តសាមញ្ញ និងធ្វើឃាដអស់ជាច្រើនអង្គ។ ពួក ប៉ុល ពត បានបង្ខាំងព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថសីហនុ រហូតដល់ថ្ងៃរំដោះជាតិ៧មករា ឆ្នាំ១៩៧៩ និងបានសម្លាប់កំពូលអ្នកចម្រៀងល្បីៗរបស់កម្ពុជាមានលោក ស៊ីន ស៊ីសាមុត លោក សុះ ម៉ាត់ លោក អ៊ឹង ណារី លោក អ៊ិន យ៉េង អ្នកស្រី រស់ សិរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន អ្នកស្រី ហួយ មាស និងសម្លាប់កំពូលតារាភាពយន្តកម្ពុជា មានលោក គង់ សំអឿន លោក ណុប ណែម លោក ជា យុទ្ធថន លោក ប៉ិច សាលឿន អ្នកស្រី ទិត្យ វិជ្ជរាដានី អ្នកស្រី គឹម ណូវ៉ា អ្នកស្រី សោមវណ្ណសូដានី និងកំពូលអ្នកសិល្បៈ កវីនិពន្ធ បញ្ញវន្តខ្មែរជាច្រើនរូបទៀត។
ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជារបបសង្គមនិយម ក៏នៅរក្សាការគ្មានព្រះមហាក្សត្រសោយរាជដដែល រហូតដល់ក្រោយការបោះឆ្នោតដោយសេរី រៀបចំដោយអ៊ុនតាក់ ឆ្នាំ១៩៩៣ ក្រោមការខ្នះខ្នែង តស៊ូចរចាយ៉ាងស្វិតស្វាញនិងដ៏គ្រោះថ្នាក់របស់សម្តេច ហ៊ុន សែន ទើបរបបរាជានិយមនៅកម្ពុជា ដែលត្រូវបានរំលាយចោលជាង៣០ឆ្នាំហើយនោះ មានជីវិតរស់ឡើងវិញ។
បច្ចុប្បន្ន ក្រុមអ្នកនយោបាយក្រោមស្លាកប្រជាធិបតេយ្យ និងសាធារណរដ្ឋនិយមកំពុងព្យាយាម ដើម្បីរំលាយរបបរាជានិយមនេះម្តងទៀត។ ក្នុងនោះក៏មានក្រុមអ្នកនយោបាយរាជានិយម ដែលប្រឆាំងរាជរដ្ឋាភិបាលមួយចំនួនដែរ។ ប៉ុន្តែ សម្រាប់សម្តេច ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ការគោរពប្រណិប័តន៍ ចំពោះព្រះមហាក្សត្រនៅតែមាន ព្រោះសម្តេច ហ៊ុន សែន ជាពិសេសប្រជាជនខ្មែរយល់ថា បន្ទាប់ពីវិស័យសាសនា ព្រះមហាក្សត្រ គឺជាម្លប់ ជាទីពឹង ជានិមិត្តរូប នៃប្រជារាស្រ្តខ្មែររាប់ពាន់ឆ្នាំមកហើយមិនត្រូវឱ្យបាត់បង់ ឬលុបបំបាត់ទេ។ គិតរហូតមកដល់ពេលនេះ (១៩៩៣-២០២២)របបរាជានិយមកម្ពុជា មានអាយុកាលថ្មីជិត៣០ឆ្នាំហើយ ហើយនៅក្រោយពីសម្តេច ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ក្នុងតំណែងបេក្ខភាពនាយករដ្ឋមន្រ្តីនាអនាគត សម្តេចក៏បាននាំលោក ម៉ាណែត ទៅចូលគាល់ព្រះមហាក្សត្រ និងរាយការណ៍ថ្វាយព្រះអង្គ និងសម្តេចម៉ែ នរោត្តម មុនីនាថសីហនុ ។
ព្រះរាជវាំងជាស្ថប័នកំពូល ដែលមានព្រះមហាក្សត្រគង់ជាម្លប់។ លោក ហ៊ុន ម៉ាណែតក៏ដូចគ្នា ក្រៅពីវិស័យសាសនា ការគោរពប្រណិប័តន៍ព្រះមហាក្សត្រ គេឃើញលោក ហ៊ុន ម៉ាណែត ប្រព្រឹត្តទៅយ៉ាងល្អឥតខ្ចោះ។ នៅគ្រប់ទីកន្លែង ទោះបីពេលខ្លះលោកអាចដឹងថា មានញាតិវង្សខ្លះនឹងមិនពេញចិត្តលោក ប៉ុន្តែ មិនដែលថ្លែងអ្វី ដែលធ្វើឱ្យប៉ះពាល់ព្រះកិត្តិនាម ព្រះកិត្តិយស ព្រះមហាក្សត្រ ឬសែរាជវង្សទេ។
ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ ក្រៅពីប្រជាជនទូទៅ លោក ម៉ាណែត ក៏បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារសុខុមាលភាពព្រះមហាក្សត្រ និងព្រះបរមរាជវាំងដែរ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយបន្ថែមទៀត ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងអំឡុង នៃការផ្ទុះជំងឺកូវីដ-១៩ លោក ហ៊ុន ម៉ាណែត បានខិតខំយ៉ាងខ្លាំង ក្នុងការការពារព្រះមហាក្សត្រ និងបរមរាជវាំង ដើម្បីចៀសផុតពីជំងឺរាតត្បាតដ៏កាចសាហាវនេះ ។
សម្តេច ហ៊ុន សែន បាននាំលោក ហ៊ុន ម៉ាណែត ដែលមានតំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានចូលបង្គំគាល់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង សម្តេចម៉ែ សម្តេច មហាក្សត្រិយានី នរោត្តម មុនីនាថសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដើម្បីទូលថ្វាយព្រះអង្គពីការងារមួយចំនួនរបស់រដ្ឋាភិបាល និងបញ្ហាទាក់ទងនឹងកិច្ចការប្រទេសជាតិ។
ការនាំលោក ម៉ាណែត ចូលព្រះបរមរាជវាំង គាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ធ្វើឱ្យអ្នកវិភាគ និងសារព័ត៌មានលម្អៀងមួយចំនួន រិះគន់សម្តេចថា ជាកាយវិការមិនសូវស័ក្តិសម។ ប៉ុន្តែជាការឆ្លើយតបចំពោះអ្នកវិភាគបែបខ្វះសតិស្មារតី សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការនាំកូនប្រុសរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ គឺគ្រាន់តែជាការថ្វាយបង្គំទូលព្រះអង្គថា លោក ហ៊ុន ម៉ាណែត ដែលជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី គឺជាអ្នកស្នងតំណែងបន្តពីរូប សម្តេច នៅពេលសម្តេចដកខ្លួនចេញពីតំណែងជានាយករដ្ឋមន្រ្តី។ សម្តេច ហ៊ុន សែន ពន្យល់ថា ការដែលនាយករដ្ឋមន្រ្តី ចូលគាល់ព្រះមហាក្សត្រ គឺជារឿងធម្មតាក្នុងការទាក់ទងរវាងព្រះមហាក្សត្រ និងនាយករដ្ឋមន្រ្តី ដែលព្រះអង្គមិនមែនព្រះរាជានុញ្ញាតតែនាយករដ្ឋមន្រ្តីទេ ប្រជានុរាស្រ្តដែលចង់ចូលគាល់ព្រះអង្គក៏ទ្រង់រាជានុញ្ញាតដែរ។
សម្តេចតេជោ មានប្រសាសន៍ថា អ្នកដែលវិភាគចំពោះករណីសម្តេចចូលគាល់ ព្រះមហាក្សត្រ ប្រហែលជាអត់ការងារធ្វើហើយក្រុមនេះ ហើយសម្តេច បានផ្តាំផ្ញើឱ្យអ្នកវិភាគទាំងនេះ ខិតខំរៀនសូត្រក្រែងចេះដឹង ថ្ងៃក្រោយមកធ្វើនយោបាយនៅស្រុកខ្មែរវិញ ដោយកុំនាំគ្នាវិភាគបែបមិនដឹងខ្យល់នេះទៀត។ សម្តេចរម្លឹកថា ដោយសារក្រុមប្រឆាំងមួយចំនួនឡប់ៗបែបនេះហើយ ទើបធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះរហូត ហើយបន្តឈ្នះទៀត ឯគណបក្សនោះមិនដែលឃើញឈ្នះ៕ ដោយ៖ គង់ សេដ្ឋាមុនី