ភ្នំពេញ៖ សៀវភៅ សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាស្នាដៃរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានបង្ហាញកាន់តែច្បាស់អំពីភក្ដីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ និង ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស និងយល់កាន់តែច្បាស់អំពីទេពកោសល្យសិល្បៈនៃកការដឹកនាំ ការចាត់ចែង ការបែងចែកការងារដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំង ការទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។
សារព័ត៌មានខ្មែរឈានមុខ នឹងផ្សាយមួយវគ្គម្ដងៗនូវខ្លឹមសារក្នុងសៀវភៅនេះ ដើម្បីឱ្យសាធារណជនជ្រួតជ្រាបពីកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះជីវិតប្រជាជន ការស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៃជំងឺកូវីដ-១៩ ហើយលោកអ្នកនឹងនឹកឃើញនូវអនុស្សាវរីយ៍របស់ខ្លួនដែលបានឆ្លងកាត់ដ៏ញាប់ញ័រក្នុងពេលបិទខ្ទប់ និងការបែងចែកតំបន់ក្រហម តំបន់លឿង និងលឿងទុំ។
វគ្គ៧ «ការបិទ និងការបើកផ្សារបណ្តោះអាសន្ន»
ក្រោយព្រឹត្តិការណ៍២០កុម្ភៈ ដែលការឆ្លងកាន់តែមានលក្ខណៈធ្ងន់ធ្ងរទៅៗរហូតឱ្យឈានដល់ការជ្រួលច្របល់កាន់តែខ្លាំង ជាពិសេសការដណ្ដើមគា្នសម្រុកចូលផ្សារដើមគ ដើម្បីទិញអីវ៉ាន់ កាន់តែធ្វើឱ្យការឆ្លងកាន់តែខ្លាំងឡើង។ ចាប់ពីព្រឹត្តិការណ៍សម្រុកចូលផ្សារដើមគ ទិញអីវ៉ាន់ ការប្រមូលមនុស្សធ្វើតេស្តរកមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំក៏ចាប់ផ្តើម ហើយការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក៏កាន់តែមានចំនួនច្រើនទៅៗ។ ទិដ្ឋភាពគួរឱ្យស្រណោះនៅកន្លែងខ្លះប្រជាពលរដ្ឋឈរកកកុញរាប់រយពាន់នាក់រង់ចាំគ្រូពេទ្យ ឯក្រុមគ្រូពេទ្យឈរធ្វើការទាំងភ្លៀងដើម្បីធ្វើតេស្តជូនប្រជាជនដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានចូលផ្សារ។
ចាប់ពីពេលនោះមកផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយត្រូវបានបិទមិនឱ្យដំណើរការបណ្ដោះអាសន្នរយៈពេលខ្លី ឬវែងតាមសា្ថនភាពជាក់ស្ដែង។ប៉ុន្តែ នៅថ្ងៃទី២៣ ខែមេសា អភិបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានី រួមមានផ្សារក្រមួន ផ្សារចាត់តាំងផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវជាដើមមិនឱ្យដំណើរការរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២១តទៅ។តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា មុនពេលសម្រេចបិទផ្សារទាំងនេះ ផ្សារចំនួនជិត២០ បានបិទរួចទៅហើយ ហើយនៅតំបន់បិទខ្ទប់ក្រុងតាខ្មៅ ខេត្តកណ្ដាលក៏ត្រូវបានរាជរដ្ឋាភិបាលបិទបណ្តោះអាសន្នរួចមកហើយដែរ។
នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាលជំងឺកូរីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយផ្ដោតសំខាន់លើអាជីវករតាមបណ្តាផ្សារទាំងអស់ក្នុងរាជធានីដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈមខ្ពស់គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។
ដូចនេះ ដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់អាជីវករ ក្រុមគ្រួសារ-សាច់ញាតិប្រជាពលរដ្ឋទូទៅនិងសង្គមជាតិ រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំ ដល់ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមទីតាំងដែលបានកំណត់ និងនៅជិតលំនៅឋានរបស់ខ្លួនដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចផងដែរ នូវវិធានការ៣ ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែ បន្ទាប់ពី១៤ថ្ងៃ ស្ថានភាពមិនទាន់បានធូរស្រាលនៅឡើយ សាលារាជធានីបានបន្តពន្យារពេលបិទបន្ថែមមួយសប្តាហ៍ទៀតទោះបីកាលពីថ្ងៃទី៦ ខែឧសភា រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញក្ដី រហូតជិត១ខែក្រោយមក បន្ទាប់ពីស្ថានភាពនៃការឆ្លងមានភាពប្រសើរឡើងបន្តិច រដ្ឋបាលសាលារាជធានីភ្នំពេញបានប្រកាសថា ផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅអំឡុងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែសម្រាប់ផ្សារមិនរៀបរយទាំងអស់ដែលមានរៀបរាប់រួចមកហើយ មិនទាន់អនុញ្ញតឱ្យបើកលក់ដូរនៅឡើយទេ។
ផ្សាររដ្ឋដែលអនុញ្ញាតឱ្យបើកឡើងវិញ គឺអាចលក់បានតែទៅលើគ្រឿងឧបភោគ និងបរិភោគចំណីអាហារ និងភេសជ្ជៈ គឺអនុញ្ញាតឱ្យលក់ក្នុងលក្ខខណ្ឌវេចខ្ចប់ប៉ុណ្ណោះ។ ដើម្បីសម្រួលដល់ការលក់ដូររបស់ក្រុមអាជីវករ និងការទិញគឿងឧបភោគបរិភោគ ឬម្ហូបអាហាររបស់ប្រជាពលរដ្ឋ កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២១ផ្សារបែបថ្មី លើចិញ្ចើមផ្លូវនៅតំបន់ក្រហម រៀបចំឱ្យលក់នៅឃ្លាតៗពីគា្នយ៉ាងមានរបៀបរៀបរយ។
តាមរបាយការណ៍ ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកស្លាប់ដោយសារការឆ្លងកូរីដ-១៩ ចំនួន១៤៧នាក់ ឆ្លងសរុប២១៤៩៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៩៨៦៧នាក់។
២ខែក្រោយមក បន្ទាប់ពីការបិទខ្ទប់ដ៏អផ្សុក និងព្រួយបារម្ភ នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១ ផ្សារធំៗមួយចំនួនរបស់រដ្ឋបានបើកឱ្យដំណើរការលក់ដូរឡើងវិញ។ ប៉ុន្តែ គ្រប់ផ្សារទាំងនេះត្រូវអនុវត្តនូវិធានសុខាភិបាល ដោយការដាក់ម៉ាស៊ីនវាស់កម្ដៅ ម៉ាស៊ីនបាញ់អាល់កុល ការចែកម៉ាសដល់អតិថិជន ដែលចូលមកក្នុងផ្សារ និងការបន្តរក្សាគម្លាតសុវត្ថិភាព។ ប៉ុន្តែសម្រាប់ផ្សារកណ្តាល ទើបតែត្រូវអនុញ្ញាតឱ្យបើកដំណើរការ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបិទឬផ្អាកកន្លងមក”។ ការអនុញ្ញាត ឱ្យបើកឡើងវិញនេះ បន្ទាប់ពីអាជ្ញាធរតម្រូវឱ្យអាជីវករដែលត្រូវមកលក់ដូរក្នុងផ្សារទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ លើកទី២ដែលលទ្ធផលបញ្ជាក់ថាអវិជ្ជមាន៕ ដោយ៖ គង់ សេដ្ឋាមុនី