លោក ជិន ម៉ាលីន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយការិយាល័យមេធាវី BBUSA

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងយុតិ្តធម៌កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយការិយាល័យមេធាវី Building Bridge USA (BBUSA) លើការ “លើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងការប្រើប្រាស់បណ្ណាល័យច្បាប់អេឡិចត្រូវនិច”។

តាមរយៈកិច្ចសហការនេះ នឹងជួយជម្រុញ និងលើកកម្ពស់បន្ថែមទៀត នូវចំណេះដឹងនិងជំនាញផ្នែកច្បាប់ សម្រាប់អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្រ្តីអនុវត្តច្បាប់របស់កម្ពុជា តាមរយៈ ការប្រើប្រាស់ដោយឥតគិតថ្លៃបណ្ណាល័យច្បាប់អេឡិចត្រូវនិចរបស់អាមេរិក កិច្ចប្រជុំ សិក្ខាសាលា ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ផ្នែកច្បាប់ របស់ចៅក្រម ព្រះរាជអាជ្ញា មេធាវី អ្នកជំនាញផ្នែកច្បាប់ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត នៃប្រទេសទាំងពីរ ផងដែរ។

បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លោលក ជិន ម៉ាលីន បានធ្វើការបើកកម្មវិធី បឋកថា ស្តីពី “Trust Relationship & Service in the digital age” ដោយអញ្ជើញជាវាគ្មិន (១) លោកអតីតចៅក្រមសហរដ្ឋអាមេរិក John C.Coughenour និង (២) លោកអតីតប្រធានគណៈមេធាវី Bill Pickett ជូនសិក្ខាកាមជាសិស្សចៅក្រម-ព្រះរាជអាជ្ញា សារការី និងអាជ្ញាសាលា ចំនួន ១៣០ នាក់៕ ដោយ៖ ពុទ្ធិពល