សៀមរាប៖ ប្រជាពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ ជាង ១៥ ម៉ឺននាក់ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ បានសម្រុកចូលខេត្តសៀមរាប ដើម្បីចួលរួមក្នុងការនិមន្តមកកាន់ខេត្តសៀមរាបរបស់ព្រះគ្រូធម្មវនវាសី ចន្ទមុនី ផងនិងដើម្បីមកកម្សាន្តនៅរមណីយដ្ឋានអង្គរផង។ នេះ បើតាមសារព័ត៌មាន cnc ចេញផ្សាយនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣។
យោងតាមរបាយការណ៍ដែលផ្តល់ដោយមន្ត្រីគ្រឹះស្ថានអង្គរ សុំមិនបញ្ចេញឈ្មោះដែលបានផ្តល់ឱ្យភ្នាក់ងារសារព័ត៌មាននេះ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចូលមកាន់ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ មានប្រមាណជាង១៥ម៉ឺននាក់។ ពួកគាត់ខ្លះមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមស្តាប់ការសម្តែងធម៌ទេសនារបស់ព្រះគ្រូធម្មវនវាសី ចន្ទមុនី នៅក្នុងបុណ្យកឋិនទានមហាសាមគ្គីនៅវត្តឥន្ទបត្តបុរី អង្គរខាងជើង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្នុងនិមន្តមកកាន់ខេត្តសៀមរាប ព្រះគ្រូធម្មវនវាសី ចន្ទមុនី បាននិមន្តទៅវត្តរាជបូណ៌ ដើម្បីក្រាបបង្គំសម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងបានចូលរួមក្នុងពិធីប្រកាសសច្ចវាចាបួងសួងចំពោះគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ នៅក្នុងបរិវេណអភិរក្សដ្ឋានអង្គរ និងពេលរសៀលព្រះអង្គនិមន្តទៅសម្តែងធម៌ទេសនាក្នុងបុណ្យកឋិនទានមហាសាមគ្គី នៅវត្តឥន្ទបត្តបុរី អង្គរខាងជើង។
ព្រះគ្រូធម្មវនវាសី ចន្ទមុនី ដែលប្រជាពុទ្ធបរិស័ទ ដាក់ព្រះនាមថា ព្រះសង្ឃធុតុង្គ ក្នុងរយៈពេលប៉ុន្មានខែមកនេះ មានភាពល្បីល្បាញ ដែលធ្វើឱ្យមន្ត្រីរាជការដែលមានថានៈធំៗ អ្នករកស៊ី អ្នកនយោបាយ និង ប្រជាពលរដ្ឋធម្មតា ស្វះស្វែងស្កាត់ចង់ជួបព្រះអង្គ និងនិមន្តព្រះអង្គទៅដល់គេហដ្ឋាន និងភូមិគ្រឹះរបស់ខ្លួន ដើម្បីទទួលបានព័រជ័យ និងសេចក្តីសុខ ។ ពួកគេ មានជំនឿថា ព្រះអង្គជាសង្ឃ មានក្តីសណ្តោះច្រើន និងជាអ្នកមានបុណ្យ មានរិទ្ធ ដូចលោកឪសួងទី ២ ដែលភាសព្រះកាយទៅដល់ប្រទេសថៃ និងអ្នកខ្លះទៀត ចាត់ទុកព្រះអង្គថា ជាទេវតាដើរដី៕