កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ លើការត្រួតពិនិត្យនិងកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន

កេនយ៉ា៖ កម្ពុជាបង្ហាញការប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ លើការត្រួតពិនិត្យនិងកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ស្របតាមកតព្វកិច្ចភាគីនៃពិធីសារម៉ុងរ៉េអាល់ ។ នេះ បើតាម ការលើកឡើងរបស់លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពេលនៃការរួមកិច្ចប្រជុំនៅទីក្រុងណៃរូប៊ីប្រទេសកេនយ៉ា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ។

លោក ប៉ាក សុខាវុត បានថ្លែងបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្ម ជាពិសេសវិសោធនកម្មទីក្រុងគីហ្គាលី ដែលបានដាក់ឲ្យមានការត្រួតពិនិត្យនិងកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ស្របតាមកតព្វកិច្ចភាគីនៃពិធីសារម៉ុងរ៉េអាល់ប្រកបដោយប្រសិទ្ធភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោក ប៉ាក សុខារ៉ាវុត បានជួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍មួយចំនួនរួមមានកម្មវិធីបរិស្ថានសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ សម្ព័ន្ធប្រែប្រួលអាកាសធាតុនិងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានថវិកាពហុភាគី ដើម្បីស្វែងរកជំនួយបច្ចេកទេសនិងថវិកាក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ និងបានចូលរួមធ្វើជាវាគ្មិនក្នុងព្រឹត្តិការណ៍(Side Events)ចំនួនពីរ ដើម្បីចែករំលែកបទពិសោធន៍ពីការអនុវត្តផែនការសីតកម្មជាតិនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះកម្ពុជាត្រូវបានជ្រើសរើសជាសហសមាជិកគណៈកម្មាធិការប្រតិបត្តិ ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា ដើម្បីសហការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៩៣ ៩៤ និង៩៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាសម្រាប់ឆ្នាំ២០២៣ និង ២០២៤ផងដែរ៕