ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងយុត្តិធម៌ថ្កោលទោសទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តធ្វើការប្រមាថ ព្រះមហាក្សត្រ

ភ្នំពេញ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងយុត្តិធម៌ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលបានបន្តធ្វើការប្រមាថ និងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ បំផុតជាបន្តបន្ទាប់មកលើ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរទាំងមូល។

យោងតាមសេចក្តីថ្លែងការណ៍ថ្កោលទោស ដែលចុះហត្ថលេខា ដោយ លោក ជិន ម៉ាលីន ដែលជាតំណាងនៅថ្ងៃទី២៤ ខែតុលា ឱ្យដឹងថា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតទៅលើ ទណ្ឌិតជាប់ទោស សម រង្ស៊ី ដែលត្រូវបាន ប្រជាពលរដ្ឋខ្មែរស្គាល់ថា ជាត្រកូលក្បត់ជាតិបីជំនាន់ ព្រមទាំងបក្សពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថយ៉ាង ធ្ងន់ធ្ងរបំផុត ទៅតាមច្បាប់ជាធរមាន។

បើតាមសេចក្តីថ្លែងការណ៍នេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងយុត្តិធម៌ប្តេជ្ញាបន្តដង្ហែតាម អង្គព្រះមហាក្សត ដោយឥតងាករេ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង ជាពិសេស ការពារ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។

ក្រោយពីទណ្ឌិតជាប់ទោស សម រង្ស៊ី បាននិយាយប្រមាថព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័ន និង អង្គការសមាគមដែលមានគាំទ្ររាជរដ្ឋាភិបាល បានចេញញត្តិ និងសេចក្តីថ្លែងការណ៍ថ្កោលទោស ព្រងព្រាតផងដែរ ដោយចាត់ទុកការប្រមាថរបស់ ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី មិនអាចលើកលែងទោសបាន។

ជាមួយគ្នានេះ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងឱកាសអញ្ជើញចែកស្រូវពូជជូនដល់បងប្អូនប្រជាកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនឲ្យចាកចេញជាបន្ទាន់ពីគណបក្សនយោបាយមួយដែលកំពុងផ្សារភ្ជាប់ជាមួយជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងឱ្យពលរដ្ឋគ្រប់រូបថ្កោលទោសបុគ្គលជាប់ទោសនេះផងដែរ៕ ដោយ៖ KC-006