ប្រធានអាស៊ានចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភជុំវិញការកើនឡើងអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ

ភ្នំពេញ៖ ប្រធានអាស៊ានតាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ តុលានេះ បានលើកឡើងថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ រួមទាំងការផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ប្រធានអាស៊ានបានបង្ហាញការសោកស្តាយចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិក្សា។

បន្ថែមពីនេះក៏បានអំពាវនាវជាបន្ទាន់ឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើមូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ននិងស្ថាបនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ការចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននេះ ធ្វើឡើងបន្ទាប់ពី ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ទ័ពអាកាសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃអាទិត្យ ទី២៣ តុលា ទៅលើពិធីប្រគុំតន្រ្តីមួយរៀបចំដោយក្រុមឧទ្ទាមជនជាតិភាគតិចបានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណជា ៥០នាក់ និងរបួសប្រមាណជា ៧០នាក់ផ្សេងទៀត។ ពិធីប្រគុំតន្រ្តីនោះរៀបចំដោយកងទ័ពឯករាជ្យកាឈីនដែលកំពុងមានជម្លោះត តាំងនឹងរដ្ឋាភិបាលភូមាតាំងពីច្រើនទសវត្សរ៍។

ជាកត់សម្គាល់របស់ប្រធានអាស៊ាន ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ មិនត្រឹមធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ៕ KC-003