លោក ឃួង ស្រេង ណែនាំឱ្យពលរដ្ឋ ចូលរួមថែរក្សាសោភ័ណភាពនិងរបៀបរៀបរយសាធារណៈ ក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅងខែវិច្ឆិកា

ភ្នំពេញ៖ លោក ឃួង ស្រេង បាលរាជធានីភ្នំពេញ ណែនាំ ឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។

យោងតាមសេចក្តីណែនំារបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខា ដោយ លោក ឃួង ស្រេង កាលពីថ្ងៃទី ២៤ ខែតុលា បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានី ភ្នំពេញទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកក្នុងការថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅតាមមុខផ្ទះ តាមដងផ្លូវសាធារណៈ ក៏ដូចជាការផ្ដល់អាទិភាពក្នុងការធ្វើ ដំណើររបស់គណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសនានា ដែលបានបំពេញបេសកកម្មនៅក្នុងរាជធានី ភ្នំពេញ បានយ៉ាងល្អប្រសើរ។

សេចក្តីណែនាំនេះ បន្តថា វប្បធម៌ នៃការចូលរួមសហការដ៏ល្អផូរផង់នេះ បានធ្វើឱ្យរាជធានីភ្នំពេញទទួល បាននូវការកោតសរសើរ និងមានមោទនភាពយ៉ាងក្រៃលែង។ ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជានឹងមាន កិត្តិយសយ៉ាងឧត្ដុង្គឧត្តមជាថ្មីម្តងទៀតក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ នាពេលខាងមុខ។

ដើម្បីឱ្យកិច្ចដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ឱ្យប្រព្រឹត្ត ទៅដោយភាពរលូន និងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមអនុវត្តតាមការណែនាំដូចខាងក្រោម៖

១.សូមរៀបចំបោសសម្អាត ធ្វើអនាម័យបរិស្ថាន និងរបៀបរៀបរយនៅទីធ្លាមុខផ្ទះ ព្រមទាំងរៀបចំលម្អ សោភ័ណភាពផ្ទះឱ្យបានស្អាត ជាពិសេសបោសសម្អាត ប្រមូល និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវកុំទុកចោល នៅមុខផ្ទះ ដោយត្រូវរង់ចាំបញ្ចេញសំរាមនៅពេលសេវាកម្មរថយន្តប្រមូល និងដឹកជញ្ជូនសំរាមមកទទួលយក សំរាមទាំងនោះតាមកម្មវិធីពេលវេលាដែលបានកំណត់។

២.សូមរៀបចំដាក់ដងទង់ជាតិ និងចងទង់ជាតិនៅមុខផ្ទះឱ្យបានត្រឹមត្រូវមានរបៀបរៀបរយល្អ ជាពិសេសត្រូវពិនិត្យមើលក្រណាត់ទង់ជាតិដែលស្អាតល្អមិនមានរហែក ឬស្លក់ពណ៌ ដើម្បីបង្ហាញអត្តសញ្ញណ ជាតិក្នុងការលើកកម្ពស់កិត្យានុភាពជាតិសក្តិសមជាប្រជាជាតិមួយដែលមានវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់ សម្រាប់ចូលរួមអបអរសាទរដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ។

៣.ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែលស្ថិតនៅអមតាមដងផ្លូវសាធារណៈទាំងអស់ សូមចូលរួមរៀបចំធ្វើរបងបិទបាំងនៅមុខទីតាំងដីទំនេរ និង របងហ៊ុព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការកែលម្អឱ្យមានសោភ័ណភាព របៀបរៀបរយ និងអនាម័យបរិស្ថាន ឱ្យបានល្អប្រសើរ។ ជាពិសេស ម្ចាស់ការដ្ឋានសាងសង់សំណង់នានាទាំងអស់ ត្រូវធ្វើការផ្អាកការសាងសង់ ជាបណ្ដោះអាសន្ន នៅក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់។

៤.សូមការយោគយល់អធ្យាស័យ និងសូមអភ័យទោសទុកជាមុន ចំពោះបងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដោយសារតែកិច្ចប្រជុំកំពូលអាស៊ាននេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវ រៀបចំកិច្ចសហការក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនគណៈ ប្រតិភូជាតិ និងអន្ដរជាតិ ហើយអាចមានការរំខាន និងកកស្ទះតាមដងផ្លូវមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង រាជធានីភ្នំពេញនឹងចូលរួមសហការអនុវត្តប្រកបដោយស្មារតីលើកកម្ពស់កិត្យានុភាពជាតិតាមខ្លឹមសារន សេចក្ដីណែនាំខាងលើនេះ៕​ដោយ៖ KC-006